Tuesday, August 2, 2016

[សុភាសិតខ្មែរ] : កុំស្លាប់ដូចពស់កុំរស់ដូចកង្កែប


  • កុំស្លាប់ដូចពស់កុំរស់ដូចកង្កែប
និយមន័យ ៖ កុំធ្វើឲ្យខ្លួនគេខ្លាចគ្រប់កាល និងរស់គ្មានន័យ។ 

អត្ថាធិប្បាយ


ធម្មតាសត្វសាហាវយ៉ាងណាក៏ដោយ ពេលងាប់ទៅគេលែងខ្លាចវាអស់ហើយ ។ ប៉ុន្តែសត្វពស់វិញងាប់ក៏ដោយ ក៏គេនៅតែខ្លាចដដែល ។
  • អត្ថានុរូប
ពស់នៅពេលនេះ លោកសំដៅយកពស់ដែលមានពិស ។ ពេលវានៅរស់ អ្នកផងទាំងពួងតែងតែខ្លាចរអាគ្រប់ៗគ្នាទាំងក្មេងទាំងចាស់ ។ លុះពេលវាងាប់ទៅក៏គេនៅតែខ្លាចវាដដែល ។ កម្លាចនេះដោយគិតថាវាមិនទាន់ងាប់មែនទែន ។ បើឃើញវាហើមស្អុយរលួយក៏នៅគិតថាក្រែងពិសវានៅជាប់តាមឆ្អឹងឆ្អែងទៀត ។

រីឯសត្វកង្កែបគឺជាសត្វស្លូតហើយល្ងង់ ។ វាខ្លាចគេណាស់ ។ វាគ្មានអាវុធសម្រាប់ការពារខ្លួនទេ ។ ធម្មជាតិបានធ្វើអំណោយដល់វាដោយមានការផ្លាស់ប្ដូរពណ៌សម្បុរស្បែកទៅតាមទីកន្លែងវារស់នៅសម្រាប់បន្លំខ្លួន និងឲ្យជើងក្រោយវែងមានសាច់ដុំខ្លាំងក្លាសម្រាប់ចាក់លោតបានឆ្ងាយដើម្បីគេចខ្លួនពីអន្តរាយផ្សេងៗ ។

ម្យ៉ាងទៀតដោយសារវាជាសត្វល្ងង់ខ្លៅយ៉ាងនេះហើយបានជាវាមិនចេះកាយរូងធ្វើជម្រកទេ គឺវាដើរជ្រកជាមួយរូងក្ដាម ។ វាសប្បាយចិត្តណាស់ក៏ស្រែកវ៉ែបៗនាំឲ្យអ្នកនេសាទឮក៏ខ្វារយកវាដោយទាំងក្ដាមម្ចាស់រូងទៀ
  • អត្ថប្បដិរូប

សត្វពស់ក្នុងន័យខាងលើនេះ លោកប្រៀបធៀបទៅមនុស្សពាលយង់ឃ្នងកាចសាហាវ ។ មនុស្សពាលនេះកាលបើរស់នៅត្រង់ណា អ្នកផងទាំងពួងតែងមានការភ័យខ្លាចរអាជាខ្លាំង ។ ព្រោះវាបង្កអសន្តិសុខ និងគ្រោះមហន្តរាយ ។ វាគ្មានមនោសញ្ចេតនា អាណិតអាសូរដល់អ្នកណាម្នាក់ឡើយ សូម្បីតែឪពុកម្ដាយ បងប្អូន ញាតិមិត្តវាក៏ដោយ ។

ដូច្នេះ ពួកវាជាទីស្អប់ខ្ពើមនៃសង្គមមនុស្ស និងសង្គមជាតិ ។ លុះដល់ពួកវាស្លាប់ទៅ មនុស្សផងទាំងពួងក៏នៅតែស្អប់ខ្ពើម មិនហ៊ានទៅជិតខ្មោចវាដដែល ព្រោះគេយល់ថា ខ្មោចវាលងសាហាវណាស់ ហើយគេក៏ពុំចូលបុណ្យដែរ ។ គេខ្លាចកើតឡើងជួបវាទៀត ។

រីឯសត្វកង្កែប លោកប្រៀបទៅនឹងមនុស្សអាប់ឥតប្រាជ្ញា គ្មានចេះគ្មានយល់អ្វីទាំងអស់ គឺជាមនុស្សកំសោយ ។ ប្រសិនបើមនុស្សនេះស្លូតក៏គ្មានប្រយោជន៍អ្វីប៉ុន្មានដល់សហគមន៍ជាតិដែរ ។ គេរស់នៅដោយគ្មានន័យ គឺរស់នៅបានត្រឹមតែមានឈ្មោះថាបានរស់ជាមនុស្សនឹងគេដែរប៉ុណ្ណោះ ៕
 

No comments:

Post a Comment