អាការៈមុខក្រហមនៅពេលផឹកនេះ អាចជាប់ពាក់ព័ន្ធនឹងការឡើងសំពាធឈាម ហើយក៏អាចជាមូលហេតុចម្បងនៃជំងឺគាំងបេះដូង ស្រ្តូក ឬឈានទៅដល់ការស្ទះសរសៃឈាមទៀតផង។ បញ្ហានេះ បណ្ដាលមកពីអាស៊ីដម្យ៉ាងដែលបង្កើតឡើងដោយជាតិអាល់កុល ពេលថ្លើមបានបម្លែងជាតិអាល់កុលទាំងនោះ។
មនុស្សធម្មតាដែលផឹកមិនឡើងក្រហម គឺមកពីរាងកាយពួកគេបានបំបែកជាតិអាស៊ីដនោះលឿន។ ចំណែកអ្នកដែលផឹកភ្លាម ឡើងក្រហម គឺមកពីរាងកាយពួកគេបម្លែងជាតិអាស៊ីដយឺតពេក ដែលធ្វើឲ្យវារក្សានៅក្នុងប្រព័ន្ធរាងកាយឡើងជាក្រហម និងអាចបង្កហានិភ័យផ្សេងៗដូចបានរៀបរាប់ខាងលើ។
វេជ្ជបណ្ឌិត Jong Sung Kim នៃសាកលវិទ្យាល័យ Chungnam National University School of Medicine បានលើកឡើងថា មុខក្រហមបន្ទាប់ពីផឹក ត្រូវសន្មតថាជាសញ្ញានៃជាតិអាល់កុលច្រើនលើសកម្រិត ឬមិនអាចទទួលយកជាតិអាល់កុលបាន លុះត្រាតែអ្នកជំងឺនោះបានទទួលទានថ្នាំពិសេសណាមួយ។ វេជ្ជបណ្ឌិតរូបនេះ បានបន្តទៀតថា មុខក្រហមពេលផឹក កើតឡើងលើមនុស្ស ដែលមិនអាចបម្លែងជាតិអាស៊ីដ acetaldehyde ទាន់ពេល។
ក្រុមអ្នកស្រាវជ្រាវ ទទួលបានលទ្ធផលមកពីកំណត់ត្រាបុរសកូរ៉េ ១៧៦៣នាក់។ ក្នុងចំណោមនោះ មាន ៥២៧នាក់ បានជួបប្រទះបញ្ហាមុខក្រហមពេលផឹក និង ៩៤៨នាក់ គ្មានបញ្ហានេះឡើយ ខណៈ ២៨៨នាក់ មិនមែនជាអ្នកផឹកស្រា។ ការស្រាវជ្រាវបង្ហាញថា អ្នកផឹកឡើងមុខក្រហម ជួបប្រទះបញ្ហាច្រើន ពេលពួកគេផឹកលើសពី ៤ដង ក្នុងមួយសប្ដាហ៍។
អ្នកស្រាវជ្រាវនៅមិនទាន់ច្បាស់ថា ហេតុអ្វីអ្នកផឹកឡើងមុខក្រហម អាចធ្វើឲ្យឡើងសំពាធឈាមនោះទេ។ យ៉ាងនេះក្ដី វេជ្ជបណ្ឌិត Jong Sung Kim បានផ្ដល់ជាអនុសាសន៍ថា អ្នកដែលផឹកឡើងមុខក្រហមខ្លាំង គួរសិក្សាថាអាចផឹកបានប៉ុន្មាន និងគ្រប់គ្រង់បរិមាណនៃការផឹកតាមទម្លាប់ឲ្យបានល្អ៕
No comments:
Post a Comment