Saturday, May 9, 2020

បើ​ជួប​រឿង​ទាំង ៥ នេះ ប្រញាប់​ប្ដូរ​ថ្ម​ទូរសព្ទ​អ្នក​ឲ្យ​ហើយ​ភ្លាម​ទៅ

ទូរសព្ទ​ជា​ឧបករណ៍​ទំនាក់ទំនង​ដ៏​ចាំបាច់ ដែល​មនុស្ស​ជា​ច្រើន​មាន​នៅ​ក្នុង​ដៃ។ ទន្ទឹម​នោះ​បញ្ហា​ថ្ម​ក៏​ជា​រឿង​ដ៏​សំខាន់​មួយ ដែល​អ្នក​ត្រូវ​ត្រួតពិនិត្យ​ឲ្យ​បាន​ដិតដល់​ជៀស​វាង​ជួប​បញ្ហា​មិន​ល្អ​នៅ​ថ្ងៃ​ក្រោយ។


សញ្ញា ៥ នេះ អាច​បង្ហាញ​ថា ទូរសព្ទ​អ្នក​កំពុង​មាន​បញ្ហា​ខូច​ថ្ម​ហើយ។​

១.ទូរសព្ទ​សុខៗ Restart ដោយ​ខ្លួន​ឯង

ជា​បញ្ហា​ចោទ​ដ៏​ធុញ​ទ្រាន់​មួយ ខណៈ​ដែល​កំពុង​លេង​ហ្គេម, ស្ដាប់​ចម្រៀង ឬ​ប្រើប្រាស់​បណ្ដាញ​សង្គម ហើយ​សុខៗ​ទូរសព្ទ​ក៏​រលត់​ឬ​ជួន​កាល​បិទ​បើក​មក​វិញ (Restart) ដោយ​ខ្លួន​ឯង។ មាន​ហេតុផល​ច្រើន​ដែល​បង្ក​ឱ្យ​ទៅ​ជា​បញ្ហា​នេះ ខ្លះ​អាច​មក​ពី​ Error System ដែរ ប៉ុន្តែ​ភាគ​ច្រើន​ដែល​គេ​ជួប​គឺ​មក​ពី​បញ្ហា​ថ្ម។

២.ថាមពល​ថ្ម​ស្រក​លឿន

ថ្ម​ថ្មី​មួយ​គ្រាប់ ដំណើរការ​បាន​ល្អ​ត្រឹម​តែ ២ ឆ្នាំ​ដំបូង ក្រោយៗ​មក​រមែង​ជួប​បញ្ហា​ខ្លះ​ហើយ។ បើ​គិត​ថា​ថាមពល​ថ្ម​ទូរសព្ទ​របស់​អ្នក​ស្រក​លឿន ឧបមា​ថា ពី ១០០ មក ៥០ ភាគរយ ត្រឹម​តែ ២០ ទៅ ៣០ នាទី នោះ​ជា​បញ្ហា​ថ្ម​ពិត​ប្រាកដ​ណាស់។ ដំបូង​អ្នក​អាច​សាកល្បង​ធ្វើ​ការ​លុប​កម្មវិធី​ណា ដែល​ស៊ី​ថាមពល​ថ្ម​ខ្លាំង​នៅ​លើ​ទូរសព្ទ ដូច​ជា Facebook ជាដើម។ ក្រោយ​មក​បើ​បន្ត​ជួប​បញ្ហា​នោះ​ទៀត ដំណោះស្រាយ​មាន​តែ​ប្ដូរ​ថ្ម​ថ្មី​ហើយ។

៣.ទូរសព្ទ​ដោត​សាក ប៉ុន្តែ​ងងឹត​អេក្រង់​ឈឹង

សញ្ញា​មួយ​ផ្សេង​ទៀត អ្នក​អាច​ដឹង​នៅ​ពេល​ដែល​ទូរសព្ទ​រលត់​ឈឹង ហើយ​អ្នក​ព្យាយាម​សាក​ថ្ម ឲ្យ​ភ្លឺ​ដំណើរការ​មក​វិញ ប៉ុន្តែ​បើ​ថ្ម​ខូច ជួន​កាល​ទូរសព្ទ​នោះ ទោះ​សាក​ចោល​យូរ​ប៉ុណ្ណា ក៏​វា​មិន​ចេញ​ភ្លើង, លឺ​សម្លេង​អ្វី​​មក​វិញ​ដែរ ហើយ​នៅ​ងងឹត​អ៊ីចឹង​រហូត។

៤.ដោត​សាក​ភ្លាម​បើក​ចេញ​ភ្លាម

ជា​ធម្មតា​បើ​ទូរសព្ទ​មិន​ទាន់​ខូច​ថ្ម នៅ​ពេល​រលត់​ឈឹង​ដល់ ០ ភាគរយ វា​ទាមទារ​ពេល​វេលា​យ៉ាង​តិច ៥ ទៅ ១០ នាទី ដើម្បី​ឲ្យ​ថ្ម​ឡើង​ភាគរយ​បន្តិច ហើយ​ទូរសព្ទ​បើក​ចេញ​ចុច​បាន​ធម្មតា ប៉ុន្តែ​បើ​ទូរសព្ទ​ខូច​ថ្ម ពេល​អ្នក​ដោត​ភ្លាម វា​នឹង​ភ្លឺ​ភ្លាម ហើយ​ចុច​ប្រើ​បាន​ទៀត។​

៥.ថ្ម​ឡើង​កម្ដៅ

​​​​ពេល​ខ្លះ​អ្នក​អាច​សង្កេត​មើល​បាន​តាម​រយៈ​កម្ដៅ​ស្ទាប​ចេញ​ពី​ខ្នង​ក្រោយ​ទូរសព្ទ បើ​ថ្ម​ក្ដៅ​ ទូរសព្ទ​ក៏​ឡើង​កម្ដៅ​ប្លែក​ខុស​ពី​ធម្មតា។ មួយ​វិញ​ទៀត ឡើង​ក្ដៅ​ខ្លាំង​ពេល​អំឡុង​ដោត​សាក​បញ្ចូល​ថាមពល។

សរុប​មក​បើ​ប្រិយមិត្ត​អ្នក​ប្រើប្រាស់​ទូរសព្ទ ក៏​ដូច​ជា​ស្មាតហ្វូន​និង​ថេបប្លែត​ទាំង​ឡាយ ដែល​ជួប​បញ្ហា​ដូច​បាន​រៀបរាប់​ខាង​លើ បើ​អាច​សូម​ប្រញាប់​ប្ដូរ​ថ្ម​ថ្មី​ភ្លាម​ទៅ ជៀសវាង​ជួប​បញ្ហា​ថ្ម​ឡើង​ប៉ោង​ខ្លាំង​ឬ​អ្វី​ផ្សេង​ទៀត អាច​បង្ក​ជា​គ្រោះថ្នាក់​នៅ​ថ្ងៃ​ខាង​មុខ៕

No comments:

Post a Comment