Saturday, May 9, 2020

ទិវាគុណមាតា


ទិវា​គុណ​មាតា​ (Mother's Day) គឺ​ជា​ថ្ងៃ​បុណ្យ​ (ទិវា)​ មួយ គេ​ប្រារព្ធ​ឡើង​ដើម្បី​រំលឹក​ដល់​គុណ​ម្តាយ​ ដែល​លោក​បាន​បង្កើត​ និង​ចិញ្ចឹម​បី​បាច់​កូន​ៗ​ពី​តូច​រហូត​ដល់​ធំ។ វា​មាន​ដើម​កំណើត​ដំបូង​បំផុត​ក្នុង​ចក្រភព​ក្រិក​បុរាណ ប៉ុន្តែ​នា​បច្ចុប្បន្ន​សម័យ​គឺ​ ពេញ​និយម​ និង​កើត​ចេញ​ពី​សហរដ្ឋ​អាមេរិក ដែល​ជា​ទូទៅ​នៅ​ថ្ងៃ​អាទិត្យ​សប្តាហ៍​ទី​២​នៃ​ខែ​ឧសភា។ ប៉ុន្តែ​ថ្ងៃ​បុណ្យ​នៃ​ទិវា​គុណ​មាតា​នេះ​អាច​ខុស​គ្នា​ទៅ​តាម​ប្រទេស ខ្ញុំ​នឹង​បង្ហាញ​មិត្ត​ទាំង​អស់​គ្នា​ឲ្យបាន​ដឹង​​នៅ​អត្ថបទ​ខាង​ក្រោម​បន្ត។

ប្រវត្តិ​ និង​ដំណើរ​សង្ខេប​នៃ​ទិវាគុណមាតា

ប្រវត្តិ និង​ដំណើរ​ដើម​នៃ​ទិវា​គុណ​ម្តាយ​នេះ គឺ​មាន​កំណើរ​ដើម​ដំបូង​គេ​បង្អស់​នៅ​សម័យកាល​​ចក្រភព​ក្រិក​សម័យ​បុរាណ។ ប្រជា​ជន​នា​សម័យ​នោះ គឺ​គោរព​យ៉ាង​ខ្លាំង​ចំពោះ​ព្រះ​ជា​ម្ចាស់​​របស់​ពួក​គេ​ ដូន្នេះ​ហើយ​ជា​រៀង​រាល់​ឆ្នាំ​ នៅ​ថ្ងៃ​ទី​៨ ខែ​មករា ប្រជា​ជន​ទាំង​អស់​នៃ​ចក្រភព​ក្រិក​នា​សម័យកាល​នោះ តែង​តែ​ប្រារព្ធ​នូវ​ពិធី​គោរព​ចំពោះ មាតា​នៃ​ក្រុម​ព្រះ​អទិទេព​ទាំង​អស់​ឈ្មោះ​ថា «Rhea»(Rhea គឺ​ជា​មាតា​របស់​ពួក​ព្រះ​អទិទេព​ទាំង​អស់​របស់​ក្រិក រួម​មាន​ដូច​ជា៖ Zeus, Poseidon, Hades, Demeter, Hera និង​ Hestia)។ ទំនៀម​បែប​នេះ​មាន​រហូត​មក​ដល់​សម័យ​កាល​ចក្រភព​រ៉ូ​ម៉ាំង​បុរាណ ពិធី​គោរព​ចំពោះ​ព្រះ​មាតា​នៃ​ព្រះ​ទាំង​អស់​នោះ​ក៏​ប្រារព្ធ​ធ្វើ​កាន់​តែ​ធំ​ឡើងៗ​ទៅ​ហើយ រហូត​ដល់​រយៈ​ពេល​បី​ថ្ងៃ​ឯណោះ។ ក្នុង​សម័យ​​កាល​នោះ មនុស្ស​បុរាណ​គោរព​ចំពោះ​ទេពធិតា​គ្រាន់​តែ​ជា​អបិយ​ជំនឿ​មួយ​ប៉ុណ្ណោះ វា​មាន​លក្ខណៈ​ខុស​ប្លែកគ្នា​ខ្លាំង​ពី​អ្វី​ដែល​យើង​គោរព​ចំពោះ​មាតុភាពនា​ពេល​សព្វ​ថ្ងៃ។

មក​ដល់​ពាក់​កណ្តាល​សតវត្ស​ទី​១៧ វប្បធម៌​ទិវាគុណ​មាតា​នេះ​ត្រូវ​បាន​ហូរ​ចូល​ប្រទេស​អង់គ្លេស ដោយ​ជនជាតិ​អង់គ្លេស​សម័យ​នោះ បាន​យក​ថ្ងៃ​អាទិត្យ​ទី​៤​នៃ​បុណ្យ Fastenzeit (period of fasting ឬ Lent ជា​ពិធី​បុណ្យ​មួយ​បែប​សាសនា មាន​រយៈពេល​៤០​ថ្ងៃ​មុន ថ្ងៃ​ Ostern ឬ Easter ដែល​ក្នុង​អំឡុង​ពេល​៤០​ថ្ងៃ​នោះ សាសនិកជន​ និង​កាតូលិក​​ទំាងអស់​ត្រូវ​បាន​​ហាម​ឃាត់​មិន​ឲ្យ​ហូប​សាច់ រៀប​ចំពិធីអាពាហ៍​ពិពាហ៍ និង កម្មវិធី​ជប់​លៀង​​កម្សាន្ត​សប្បាយ​ផ្សេងៗ) ជា​ទិវា​គុណ​មាតា។ នៅ​ក្នុង​ថ្ងៃ​នោះ យុវជន និង​យុវតី​ទាំង​ឡាយ​ដែល​ចេញ​ដំណើរ​ទៅ​ក្រៅ​ផ្ទះ​ ទោះ​តិច​ក្តី​ច្រើន​ក្តីតែង​តែ​ត្រលប់​មក​ផ្ទះ​វិញ​​ជា​មួយ​និង​កាដូ ឬ​អំណោយ​មួយ​សម្រាប់​ជូន​ដល់​ម្តា​យ​របស់​ខ្លួន​ជា​និច្ច​។

នៅ​ក្នុង​ឆ្នាំ ១៨៧៦ ក្រោយ​សង្រ្គាម​ស៊ីវិលមួយ​នៅ​ពេលនោះ ខណៈនៅ​ក្នុង​អំឡុង​ពេល​ប្រជាជន​កំពុង​តែ​ធ្វើ​ការ​កាន់​ទុក្ខ​ចំពោះ​អ្នក​ដែល​បាន​ស្លាប់​ក្នុង​សង្រ្គាម​នោះ ជំទាវ Anna Jarvis នៅក្នុង​ព្រះវិហារបាន​និយាយ​រំលឹក​ដល់យុទ្ធជន​ដែល​ពលី​ក្នុង​សង្រ្គាម និង​ចូល​រួម​រំលែក​ទុក្ខ​ ហើយ​នៅ​ពេល​បួង​សួង​នោះ ជំទាវ Anna Jarvis បាន​និយាយ​ថា៖ «​ខ្ញុំ​សូម​បួង​សួង​សុំ​ឲ្យ​ប្រជាជន​ទាំង​អស់​នៅ​ក្នុង​​​សហរដ្ឋអាមេរិក និង​ទូទាំង​ពិភព​លោក​ទាំង​មូល មិន​ថា​នៅ​ទី​កន្លែង​ណា ក្នុង​ពេល​ណា​មួយ​នោះ​ទេ គឺ​មាន​អ្នក​ដែល​រៀប​ចំ​ទិវា​ដឹង​គុណម្តាយ​ជូន​​ចំពោះ​ម្តាយ​គ្រប់​រួប​នៅ​ជុំ​វិញ​ពិភព​លោក​ទាំង​មូល​របស់​យើងនេះ» ។

នៅ​ពេល​ដែល​លោក​ជំទាវ​បាន​ទទួល​មរណភាព​ទៅ​ក្នុង​ជន្មាយុ​ ៧២ ឆ្នាំ​នោះ កូន​ស្រី​របស់​គាត់​ដែល​មាន​អាយុ​ ៤១ ​ឆ្នាំ ក៏​សម្រេច​ចិត្ត​ផ្តើម​គំនិត​ផ្តួច​ផ្តើម​ទិវាគុណ​ម្តាយ ដើម្បី​សម្រេច​នូវ​បំណង​ប្រាថ្នា​របស់​ម្តាយ​អស់​ជា​យូរ​ឆ្នាំ​មក​ហើយ​នោះ។ ជា​ដំបូង​គាត់​បាន​សរសេរ​លិខិត​ជូន​ទៅ​បុគ្គល​ល្បីៗ​ជា​ច្រើន ដើម្បីឲ្យ​ពួក​គាត់​ជួយ​គាំ​ទ្រ​ដល់​ការ​បង្កើត​ទិវា​គុណ​ម្តា​យនេះ​ឡើង ប៉ុន្តែ​នៅ​ពេល​នោះ​ពុំ​មាន​បុគ្គល​ណា​ម្នាក់​ព្រម​អើពើ​នឹង​ការ​ស្នើ​របស់​គាត់​នោះ​ឡើយ។ តែ​គាត់​នៅ​តែ​មិន​អស់​សង្ឈឹម​ គាត់​នៅ​តែ​បន្ត​ស្វែង​រក​សំឡេង​គាំទ្រ​ពី​សំណាក់​ពិភព​លោក​ទាំង​មូល​នេះ​ទៀត។ រហូត​មក​ដល់ ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​ ១៩០៧ វិហារ​កាតូលិក​មួយ (Andre Methodist Church) បាន​អញ្ជើញ​លោក​ស្រី​ទៅ​ចូល​រួម​ប្រារព្ធ​ពិធី​មួយ​សម្រាប់​ដឹង​គុណ​មាតាៗ​ទាំង​ឡាយ​នៅ​ទី​នោះ។ នៅ​ឆ្នាំ​បន្ទាប់​ពិធី​រំលឹក​គុណ​ម្តាយ​ក៏​បាន​រៀប​ចំ​ធំ​ជាង​មុន​នៅ​ក្នុង​ទីក្រុង​មួយ​ក្នុង​រដ្ឋ Pennsylvania ដែល​ស្ថិត​នៅ​ភាគ​អាគ្នេយ៍​នៃ​សហរដ្ឋអាមេរិក។ ពិធី​នេះ​ដែរ ក៏​ទទួល​បាន​ស្វាគមន៍​ជា​ខ្លាំង​ពី​ប្រជាពលរដ្ឋជា​ច្រើន ហើយ​ថែម​ទាំង​ទទួល​បាន​ការ​គាំទ្រ​ពី​អភិបាលរដ្ឋ​របស់​រដ្ឋ​នោះ​ទៀត​ផង។ បន្ទាប់​ក៏​ត្រូវ​បាន​ប្រកាស​ជា​ទិវា​មួយ​របស់​រដ្ឋ​នោះ​តែ​ម្តង ដោយ​យក​ជា​ទិវា​គុណ​មាតា​នៃ​រដ្ឋ។

មក​ដល់​ឆ្នាំ​១៩១១ ពិធី​គុណម្តាយ​នេះ ក៏​មាន​ការ​រៀប​ចំ​កាន់​តែ​ច្រើន​ឡើង​ៗ​ដែរ ដោយ​ចាប់​ផ្តើម​សកម្មភាព​ពី​រដ្ឋ​មួយ​ទៅ​កាន់​រដ្ឋ​មួយ​ទៀត​ ហើយ​ទិវា​នេះ​មិន​ត្រឹម​តែ​រីក​ដុះ​ដាល​តែ​ក្នុង​បណ្តា​រដ្ឋ​ទាំង​អស់​ក្នុង​សហរដ្ឋ​អាមេរិក​ទេ នៅ​ប្រទេស​កាណាដា ម៉ិកស៊ីកូ ព្រម​ទាំង​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង​ទៀត​ផងដែរ សុទ្ធ​ប្រារព្ធ​នូវ​ទិវាគុណ​ម្តាយ​នេះ​ទាំង​អស់​គ្នា។ ក្រោយ​មក​សហរដ្ឋ​អាមេរិក​ក៏​ចាប់​ផ្តើម​ផ្ញើ​សារ​លិខិត​ទៅ​កាន់​បណ្តា​ប្រទេស​ទាំង​ឡាយ​ទូទាំង​ពិភព​លោក ដោយ​ក្នុង​នោះ​មាន​សរសើរ​ជា​១០​ភាសា ក្នុង​គោល​បំណង​ឲ្យ​ទិវា​នេះ​កាន់​តែ​មាន​ឥទ្ធិពល​ខ្លាំង​ថែម​ទៀត។ ហើយ​សហរដ្ឋ​អាមេរិក​ក៏​បាន​បង្កើត​នូវ​សមាគមន៍​ទិវា​គុណ​មាតា​ពិភព​លោក​មួយ​ ដើម្បី​ធ្វើ​ការ​ងារ​ទាំង​នេះ​ក្នុង​ឆ្នាំ​១៩១២ ។ ដូច្នេះ​ហើយ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ទៀត ទិវា​គុណ​មាតា​នេះ​គឺ​ត្រូវ​បាន​ប្រជាជន​ទូទាំង​ពិភព​លោក​​ប្រារព្ធ​ឡើង​ឥត​ឈប់​កើន​ឡើង​ជា​និច្ច។

នៅ​ឆ្នាំ​១៩១១ សភា​របស់​សហរដ្ឋ​អាមេរិក​ក៏​បាន​ប្រកាស​ជា​ផ្លូវ​ការ​ដោយ​យក​ថ្ងៃ​អាទិត្យ​ទី​២ ក្នុង​ខែ​ឧសភា​ ជា​រៀង​រាល់​ឆ្នាំ​ដើម្បី​ប្រារព្ធ​ទិវា​គុណ​មាតា​នេះ។ ហើយ​ក៏​បាន​ស្នើ​ទៅ​កាន់​ប្រធានាធិបតី និង​គ្រឹះ​ស្ថាន​សាធារណៈ/​រដ្ឋ​ទាំង​អស់​ឲ្យ​បង្ហូតទង់​ជាតិ​ឡើង​ដើម្បី​សម្តែង​ការ​គោរព​​ចំពោះ​មាតា​ទូទាំង​ពិភព​លោក។ លោកប្រធានាធិបតី ​Wilson ក៏​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​ដាក់​បង្ហូត​ទង់​ជាតិនៅ​តាម​គេហដ្ឋាន​របស់​ខ្លួន​ដើម្បី​ធ្វើ​ការ​គោរព​ដឹង​គុណ​ដល់​មាតា​របស់​ខ្លួន​ក្នុង​ទិវា​គុណមា​តា​នេះ​ដែរ។

បញ្ជាក់: អត្ថបទខាងលើនេះ ត្រូវបានកែតម្រូវ។ លោកអ្នកអាចអាចអត្ថបទដើមពីតំណខាងក្រោមនេះ

http://mekdeysneha.com/entertainment/knowledges/411150509007

No comments:

Post a Comment