បុណ្យវិសាខបូជា ជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា រាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏ សំខាន់សម្រាប់ រំលឹកដល់ព្រះពុទ្ធសមណគោត្តមបរមគ្រូ នាថ្ងៃពេញបូណ៌មី ថ្ងៃ១៥កើត ខែសាខ ដែលពុទ្ធសាសនិកទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជាប្រកបដោយជំនឿថាជា មហាកុសល ដ៏ប្រសើរ ។ ជាងនេះទៀត ប្រទេសជិត២០០ ដែលជាសមាជិកនៃអង្គការសហប្រជាជាតិ បានអនុម័តនិងទទួលស្គាល់ វិសាខបូជា ជាបុណ្យអន្តរជាតិ កាលពីឆ្នាំ១៩៩៩ ។
ការដែលប្រារព្ធពិធីបូជានាថ្ងៃ ១៥ កើតខែវិសាខនេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាង ព្រះពុទ្ធសាសនា បានកំណត់ ទុកក្នុងគម្ពីរបឋមសម្ពោធិថា ជាមហាមង្គលអភិលក្ខិតកាល គឺជាថ្ងៃ មហាមង្គល ត្រូវនឹងថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូ៖
ទ្រង់ប្រសូតចាកឧទរមាតា
ទ្រង់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ
ទ្រង់រំលត់ខន្ធចូលកាន់ព្រះនិព្វាន
សេចក្តីថា ព្រះពុទ្ធទ្រង់យាងចុះកាន់គភ៌នៃព្រះវរមាតា ក្នុងថ្ងៃពេញបូណ៌មី ខែអាសាធ ទ្រង់ប្រសូតិក្នុងថ្ងៃពេញបូណ៌មី ខែវិសាខ បានត្រាស់ជាព្រះពុទ្ធ ក្នុងថ្ងៃពេញបូណ៌មី ខែវិសាខ និង ទ្រង់ចូលបរិនិព្វានក៏ ក្នុងថ្ងៃពេញបូណ៌មី ខែវិសាខ (ផ្សេងតែឆ្នាំ)។
ព្រះអង្គទ្រង់ប្រសូតិនៅ ថ្ងៃសុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំច វេលាជិតថ្ងៃត្រង មុនពុទ្ធសករាជ ៨០ឆ្នាំ។ នៅ ឧទ្យានលុម្ពិនី ព្រៃសាលព្រឹក្ស ចន្លោះនគរទាំងពីរ គឺ កបិលពស្តុ និង ទេវទហៈ។
ឧទ្យានលុម្ពិនី សព្វថ្ងៃនេះស្ថិតនៅក្នុងប្រទេសនេប៉ាល់ មានចម្ងាយ២៧គ.ម. ពីព្រំដែន នៃប្រទេសឥណ្ឌា។
ទេវទហៈ
ព្រះអង្គទ្រង់ត្រាស់ដឹង នៅ ថ្ងៃពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា វេលា ជិតភ្លឺ មុនពុទ្ធសករាជ៤៥ឆ្នាំ ក្នុងព្រះជន្ម៣៥ឆ្នាំ។ ទីស្ថានដែលព្រះអង្គបាន ត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ហៅថាពុទ្ធគយាស្ថិតនៅក្នុង រដ្ឋពីហា ( Bihar ) ប្រទេសឥណ្ឌា។
ព្រះអង្គទ្រង់បរិនិព្វាន ក្នុង ថ្ងៃអង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ វេលាជិតបែកបច្ចូសម័យ មុនពុទ្ធសករាជ ១ថ្ងៃក្នុង ព្រះជន្ម ៨០ឆ្នាំ គត់ ចន្លោះដើម សាលព្រឹក្សទាំងគូ ក្នុង ក្រុងកុសិនារា ។ សព្វថ្ងៃនេះ ទីក្រុងកុសិនារា ត្រូវបានគេហៅថា ក្រុងកុសិនាហ្គារ៍ (កុសិនគរ) ឬហៅថាក្រុងកាស្យា ស្ថិតនៅក្នុងរដ្ឋឧត្តរប្រទេស របស់ឥណ្ឌា ។
ជាប្រពៃណីបុណ្យវិសាខបូជា គេតែងនាំគ្នាធ្វើក្នុងពេលរាត្រី ព្រោះតម្រូវទៅតាមពាក្យថា បុណ្ណមី មានសេចក្តីថា ខែពេញបូណ៌មី ។ ម្យ៉ាងទៀត ការប្រារព្ធពិធីក្នុងពេលរាត្រី អាស្រ័យដោយ លក្ខណៈងាយស្រួល ២យ៉ាង គឺម្យ៉ាងដើម្បីនឹងបានឱកាសអុជគ្រឿងប្រទីបជ្វាលា បូជាភ្លើងអគ្គិសនីឲ្យភ្លឺរុងរឿងរន្ទាលច្រាលឆ្អៅផង និងម្យ៉ាងទៀត ដើម្បីបើកឱកាសឲពុទ្ធបរិស័ទបានជួបជុំគ្នា ដ៏ច្រើនកុះករទាំងប្រុសទាំងស្រី អាចបំពេញកុសលកម្មនេះ ដោយសប្បាយរីករាយ ព្រោះពេលយប់ ជាពេលទំនេរផង។ បុណ្យវិសាខបូជា ចាត់ទុកថាជាបុណ្យដ៏ធំ ដោយមានមហាជន ចាស់ក្មេងប្រុស ស្រី នៅប្រជុំគ្នាអ៊ូអរ ដោយនាំទៅជាមួយនូវគ្រឿងសក្ការបូជា មានទៀន ធូប ផ្កាភ្ញី និងប្រទីបជ្វាលា តូច ធំអុជបំភ្លឺព្រោងព្រាត នៅគ្រប់វត្តអារាម ។
តាមទំនៀមទម្លាប់ប្រពៃណីពុទ្ធបរិស័ទ ទាំងបព្វជិត ទាំងគ្រហស្ថ ត្រូវដើរដង្ហែរប្រទក្សិណ ៣ជុំសិនមុននឹងចូលព្រះវិហារ ហើយគេយកទេយ្យវត្ថុរៀបចំដាក់នៅមុខពុទ្ធរូប រួចអុជទៀនធូបបូជា ផ្កាភ្ញីផ្សេងៗ។ គេនាំគ្នានមស្ការព្រះរតនត្រ័យ សមាទានសីល សា្តប់ពុទ្ធមន្ត ស្តាប់ធម៌ទេសនា អំពី ពុទ្ធប្បវត្តិតាំងពីដើមរហូតដល់ចប់ ព្រះសង្ឃ និងឧបាសក ឧបាសិកា សូត្រធម៌បទផ្សេងៗដូចជា នមោ ៨បទ ឋានធំ ៨កន្លែងជាដើម នៅយប់នោះគេធ្វើរហូតទល់ភ្លឺ តាមលទ្ធភាពវត្តនីមួយៗ ដើម្បី ឲមានបសាទសទ្ធា ចំពោះព្រះរតនត្រ័យកាន់តែខ្លាំងក្លាឡើង។
ប្រវត្តិបុណ្យវិសាខបូជា
ពុទ្ធបរិស័ទក្នុងប្រទេសទាំងឡាយដែលរាប់អានព្រះពុទ្ធសាសនា នាំគ្នាធ្វើវិសាខបូជា នៅថ្ងៃ ពេញបូណ៌មីខែពិសាខ រៀងៗមកតាំងពីបុរាណកាល ។ តាមការស្រាវជ្រាវគេបានដឹងថា បុណ្យ វិសាខបូជាទំនងជាធ្វើនៅក្រោយពុទ្ធបរិនិព្វានច្រើនរយឆ្នាំ។ គេថាប្រទេសឥណ្ឌា និងប្រទេសលង្កា បានប្រារព្ធពិធីបុណ្យនេះយូរយារណាស់មកហើយ ។ ចំណែកប្រទេសសៀម និងប្រទេសខ្មែរទើប នឹងចាត់ចែងធ្វើនៅគ្រឹស្តសតវត្សទី ១៩។ នៅក្នុងប្រទេសកម្ពុជា បុណ្យវិសាខបូជា តាមដែលចាស់ ទុំអ្នកមុខអ្នកកាទាំងឡាយដំណាលតៗគ្នាបានឲដឹងថា គេបានផ្តើមធ្វើក្នុងរជ្ជកាលព្រះបាទសម្តេច ព្រះហរិរក្សមារា (ព្រះអង្គដួង) ដែលគង់នៅក្រុងឧត្តុង្គ ក្នុងពុទ្ធសករាជ ២៣៩៧ គ្រិស្តសករាជ ១៨៥៤ ដោយមហាប៉ាន ដែលស្តេចសៀម បានបញ្ជូនមកកាន់ឧត្តុង្គ តាមសំណើព្រះបាទ អង្គដួង។
បុណ្យវិសាខបូជាត្រូវបាន រាជរដ្ឋាភិបាល ចាត់ទុកជាថ្ងៃបុណ្យជាតិ របស់ប្រទេសកម្ពុជា ។ នៅឆ្នាំ ១៩៩៩ សមាជិកនៃអង្គការសហប្រជាជាតិ ជិត ២០០ ប្រទេសបានអនុម័តជាឯកច្ឆន្ទទទួល ស្គាល់ និងចាត់ទុកបុណ្យ វិសាខបូជារបស់ ព្រះពុទ្ធសាសនាជាបុណ្យអន្តរជាតិ។
វិសាខបូជានេះ បុរាណាចារ្យលោកសំដៅយកនក្ខត្តឫក្ស៣ យ៉ាងគឺកំណត់យកត្រង់ថ្ងៃដែល ព្រះសម្ពុទ្ធបរមគ្រូទ្រង់ប្រសូត១, ទ្រង់បានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ១, ទ្រង់ចូលកាន់ ព្រះនិព្វាន១ ។ អាស្រ័យហេតុនេះហើយ ទើបអ្នកប្រាជ្ញបុរាណលោកកំណត់យក ថ្ងៃពេញបូណ៌មី ខែពិសាខនេះ ទុកជាពិធីធ្វើសក្ការបូជាជាដរាបរៀងរាបមកទល់គ្នានឹងសម័យបច្ចុប្បន្ននេះ ។
អានអត្ថបទពេញ ដោយចុចត្រង់នេះ
No comments:
Post a Comment