Thursday, April 9, 2015

The History of Khmer New Year (ប្រវត្តិនៃពិធីបុណ្យចូលឆ្នាំខ្មែរ)


         ជាការពិតណាស់ប្រិយមិត្តមួយចំនួនច្បាស់ជាបានជ្រាប និងមួយចំនួនតូចទៀតប្រហែលជាមិនទាន់បានជ្រាបច្បាស់ទេពី
ប្រវត្តិចូលឆ្នាំខ្មែរ និងឈ្មោះទេពធីតាទាំង ៧ ដែលជាបុត្រីរបស់កបិលមហាព្រហ្ម។ ថ្ងៃនេះផងដែរ ប្លុកយើងនឹងបង្ហាញជូននូវអត្ថបទមួយ ដែលទាក់ទងទៅនឹងប្រវត្តិខ្លះៗនៃពិធីបុណ្យចូលឆ្នាំខ្មែរ រួមទាំងព្រះនាមទេពធីតាទាំង ៧ អង្គ ដែលជាបុត្រីរបស់កបិលមហាព្រហ្ម ដើម្បីចែកជូនដល់ប្រិយមិត្តអ្នកអាន ក្នុងន័យយល់ដឹងបន្ថែម ក៏ដូចជាអាចត្រៀម ជាគ្រឿងតង្វាយសម្រាប់ទទួលទេវតាឆ្នាំថ្មីផងដែរ។ 

ប្រវត្តិទាក់ទិនទៅនឹងពិធីបុណ្យចូលឆ្នាំខ្មែរមានដូចតទៅ៖


មានសេចក្ដីតំណាលថា មានសេដ្ឋីម្នាក់មានកូនឈ្មោះ ធម្មបាលកុមារជាអ្នកមានចំណេះវិជ្ជាដ៏វិសេសវិសាល បានរៀនចេះចប់គម្ពីរត្រៃវេទតាំងពីអាយុ ៧ ឆ្នាំមកម្ល៉េះ។ សេដ្ឋីជាឪពុក បានសង់ប្រាសាទឲ្យធម្មបាលកុមារ នៅទៀបដើមជ្រៃមួយធំ នៃឆ្នេរទន្លេ ដែលជាទីស្នាក់អាស្រ័យនៃបក្សីទាំងឡាយ។ ធម្មបាលកុមារចេះទាំងភាសាបក្សីទាំងពួងផងព្រមទាំងអាចធ្វើជាអាចារ្យសម្ដែងមង្គលផ្សេងៗដល់មនុស្សទាំងពួងផងដែរ។
កបិលមហាព្រហ្ម បានជ្រាបដំណឹង ក៏ចុះមកសួរធម្មបាលចំនួន ៣ប្រស្នា ដោយសន្យាថា ប្រសិនបើធម្មបាលកុមារ អាចដោះប្រស្នាបាន កបិលមហាព្រហ្ម នឹងកាត់ព្រះសិរសាទ្រង់ ថ្វាយធម្មបាលកុមារ ប៉ុន្តែប្រសិនបើធម្មបាលកុមារមិនអាចដោះស្រាយប្រស្នានោះរួចទេ កបិលមហាព្រហ្ម នឹងកាត់ក្បាលធម្មបាលកុមារវិញ។ ធម្មបាលកុមារសុំឲ្យពន្យាពេលចំនួន៧ថ្ងៃ ដើម្បីគិតប្រស្នា។ លុះកន្លងទៅ៦ថ្ងៃហើយ ធម្មបាលកុមារ នៅតែគិតមិនឃើញ និងដឹងខ្លួនថាព្រឹកឡើងដល់ថ្ងៃកំណត់ នឹងត្រូវស្លាប់ជាប្រាកដ។ ដូច្នេះគួរតែរត់ទៅលាក់ខ្លួន ពួនអាត្មាឲ្យស្លាប់ដោយខ្លួនឯងប្រសើរជាង ទើបធម្មបាលកុមារ ចុះពីប្រសាទទៅដេកពួននៅក្រោមដើមត្នោតមួយគូ។ នៅលើដើមត្នោតនោះ មានសត្វឥន្រ្ទីញីឈ្មោល ធ្វើសំបុកអាស្រ័យនៅ។ វេលាយប់សត្វឥន្រ្ទីញីសួរសត្វឥន្រ្ទីឈ្មោលថា ព្រឹកនេះយើងបានអាហារអ្វីធ្វើជាចំណី? ឥន្រ្ទីឈ្មោលឆ្លើយថា យើងនឹងស៊ីសាច់ធម្មបាលកុមារ ដែលនឹងត្រូវកបិលមហាព្រហ្មសម្លាប់ ព្រោះធម្មបាលកុមារដោះប្រស្នាមិនរួច។ ឥន្រ្ទីញីសួរថា ប្រស្នានោះដូចម្តេច? ឥន្រ្ទីឈ្មោលឆ្លើយថា វេលាព្រឹកសិរីសួស្តីស្ថិតនៅត្រង់ណា ត្រូវឆ្លើយថានៅលើមុខ ហេតុនេះទើបមនុស្សទាំងឡាយ ត្រូវយកទឹកលុបមុខ។ ប្រស្នាទី២ចោទថា ថ្ងៃត្រង់សិរីសួស្តីស្ថិតនៅត្រង់ណា ត្រូវឆ្លើយថានៅលើទ្រូង ហេតុនោះទើបមនុស្សត្រូវយកទឹកលាងទ្រូង។ ប្រស្នាទី៣ចោទថា វេលាល្ងាចសិរីសួស្តីស្ថិតនៅត្រង់ណា ត្រូវឆ្លើយថានៅនឹងជើង ហេតុនោះទើបមនុស្សទាំងឡាយ ត្រូវយកទឹកលាងជើង។ ធម្មបាលកុមារបានឮដូច្នេះ ក៏ត្រលប់ទៅប្រាសាទវិញ។ លុះព្រឹកឡើងកបិលមហាព្រហ្ម ក៏មកសួរប្រស្នាធម្មាបាលកុមារ។ ធម្មាបាលកុមារឆ្លើយដោះស្រាយតាមដែលបានឮនោះរួច កបិលមហាព្រហ្មក៏ទទួលស្គាល់ថាពិតជាត្រឹមត្រូវ ព្រមចុះចាញ់ និងសុខចិត្តធ្វើតាមពាក្យសន្យា។ កបិលមហាព្រហ្មហៅទេពធីតាទាំង៧អង្គមកប្រាប់ថា ឥឡូវបិតាត្រូវកាត់សិរសា ដើម្បីបូជាចំពោះធម្មបាលកុមារ តែបើដាក់ក្បាលនោះលើផែនដី នោះនឹងកើតជាភ្លើងឆេះទាំងរូបធាតុ បើបោះទៅលើអាកាស នឹងនាំឲ្យរាំងភ្លៀង បើចោលក្នុងសមុទ្រ នោះទឹកនឹងរីងស្ងួតហួតអស់។ ដូច្នេះសូមឲ្យបុត្រីទាំង៧អង្គ យកពានមកទទួលព្រះសិរសាបិតា។ ពោលរួចព្រះអង្គក៏កាត់ព្រះសិរសាហុចទៅឲ្យព្រះនាងទុង្សាទេវីជាកូនច្បង។ ព្រះនាងទុង្សាទេវីក៏បានយកពាន មកទទួលព្រះសិរសាបិតារួចហែ ប្រទក្សិណភ្នំសុមេរុ រយៈពេលមួយម៉ោង ទើបយាងទៅប្រតិស្ឋានទុកក្នុងភ្នំនោះ នៅក្នុងគុហាគន្ធមាលី នៃភ្នំកៃលាស និងបូជាគ្រឿងទិព្វផ្សេងៗ។ ព្រះវិសកម្មទេវបុត្រ ក៏និមិត្តរោងទិព្វធ្វើពីកែវ ៧ ប្រការឈ្មោះថា ភគវតីសភាសាលា ឲ្យជាទីប្រជុំនៃទេវតា។ លុះដល់គម្រប់១ឆ្នាំ ជាសង្រ្កាន្តនាងទេពធីតាទាំង៧អង្គ ក៏ផ្លាស់វេនគ្នាមកអញ្ជើញ ព្រះសិរសាកបិលមហាព្រហ្ម យាងមកហែប្រទក្សិណភ្នំព្រះសុមេរុ ជារៀងរាល់ៗឆ្នាំ រួចហើយយាងត្រលប់ ទៅឋានទេវលោកដើម្បីតម្កល់វិញ។

ឈ្មោះទេពធីតាទាំង ៧ អង្គ និងគ្រឿងរណ្តាប់សម្រាប់ទទួលទេវតាឆ្នាំថ្មី ៖

                                         រូបភាពតំណាង ទេពធីតាទាំង ៧ អង្គ 

១. បើសង្ក្រាន្តជា ថ្ងៃអាទិត្យ ទេពធីតាព្រះនាម ទុង្សាទេវី មានសៀតផ្កាទទឹម គ្រឿងប្រដាប់បទុមរាគ ភក្សាហារផ្លែអុទុម្ពរ អាវុធស្តាំ កងចក្រ ឆ្វេងស័ង្ខ ជិះពាហនៈគ្រុឌ ។
២. បើ ថ្ងៃចន្ទ ព្រះនាម គោរាគទេវី មានសៀតផ្កាអង្គាបុស្ស គ្រឿងប្រដាប់មោរា ភក្សាហា ធុញ្ញជាតិ អាវុធស្តាំកាន់ព្រះខ័ន ឆ្វេងឈើច្រត់ ជិះពាហនៈខ្លា។
៣. បើ ថ្ងៃអង្គារ ព្រះនាម រាក្យសាទេវី មានសៀតផ្កាឈូក គ្រឿងប្រដាប់មោរា ភក្សាហារលោហិត (ឈាមស្រស់) អាវុធស្តាំត្រីសូល៍ ដៃឆ្វេងកាន់ធ្នូ ជិះពាហនៈ អស្សតរ (សេះ) ។
៤. បើ ថ្ងៃពុធ ព្រះនាម មណ្ឌាទេវី មានសៀតផ្កាចំប៉ា គ្រឿងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះសិប្បី (ទឹកដោះស្រស់) អាវុធកាន់ស្តាំម្ជុល ឆ្វេងកាន់ឈើច្រត់ ជិះពាហនៈលា។
៥. បើ ថ្ងៃព្រហស្បតិ៍ ព្រះនាម កិរិណីទេវី មានសៀតផ្កាមណ្ឌា គ្រឿងប្រដាប់មរកត ភក្សាហារសណ្តែក ល្ង អាវុធស្តាំកាន់កង្វេរ ឆ្វេងកាំភ្លើង ជិះពាហនៈដំរី ។
៦. បើ ថ្ងៃសុក្រ ព្រះនាម កិមិរាទេវី មានសៀតផ្កាចង្កុលណី គ្រឿងប្រដាប់បុស្សរាគម៏ ភក្សាហារចេកណាំវ៉ា អាវុធស្តាំកាន់ព្រះខ័ន ឆ្វេងពិណ ជិះពាហនៈ ក្របី ។
៧. បើ ថ្ងៃសៅរ៍ ព្រះនាម មហោទរាទេវី សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលវ័តន៍ ភក្សាហារសាច់ទ្រាយ (សាច់ម្រឹគ​ពួក​ឈ្លូស, ពពែ) អាវុធស្តាំកងចក្រ ឆ្វេង ត្រីសូល៍ ពាហនៈក្ងោក។

ទំនៀមចូលឆ្នាំ
ទំនៀមពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួន ៣ ថ្ងៃ​ ៖
-ថ្ងៃទី១ ​ហៅ​ថា​ ថ្ងៃ​មហាសង្ក្រាន្ត​ ឬ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី
-ថ្ងៃទី​២ ហៅ​ថា​ ថ្ងៃវារៈវ័នបត 
-ថ្ងៃទី៣​ ហៅ​ថា​ ថ្ងៃឡើង​ស័ក
រីឯការកំណត់ខែ ថ្ងៃ ម៉ោង នាទី ដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេព្ដាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេព្ដាឆ្នាំចាស់នោះ គេអាចដឹងបានដោយប្រើក្បួនហោរាសាស្ត្របុរាណ គឺក្បួនមហាសង្ក្រាន។ តើថ្ងៃចូលឆ្នាំថ្មីរបស់ខ្មែរត្រូវលើខែណា? ថ្ងៃណា? ចាប់ពីសម័យក្រុងនគរធំមក ប្រទេសខ្មែរប្រើវិធីគិតរាប់ថ្ងៃ ខែ ឆ្នាំ តាមក្បូនចន្ទគតិ (Lunar calendar) (វិធីដើរនៃព្រះចន្ទ) ទើបខ្មែរកំណត់យកខែ មិគសិរ ជាខែចូលឆ្នាំ ហើយជាខែទី ១ ខែកក្ដិក ជាខែទី១២ ។ សម័យក្រោយមក ប្រទេសខ្មែរប្ដូរទៅប្រើវិធីគិតរាប់ថ្ងៃ ខែ ឆ្នាំ តាមក្បូន សុរិយគតិ​ (Solar calendar) (វិធីដើរនៃព្រះអាទិត្យ)។ ពេលនោះហើយដែលខ្មែរកំណត់ចូលឆ្នាំក្នុងខែ ចេត្រ (ខែទី៥) ព្រោះក្នុងខែនេះ ព្រះអាទិត្យធ្វើដំណើរចេញពី មីនរាសី ចូលកាន់ មេសរាសី។ ថ្ងៃចូលឆ្នាំរមែងត្រូវលើថ្ងៃទី ១៣ នៃខែ មេសា (ចេត្រ) រៀងរាល់ឆ្នាំ ប៉ុន្តែយូរៗទៅមានភ្លាត់ម្ដងៗ ចូលឆ្នាំក្នុងថ្ងៃទី ១៤ ក៏មានខ្លះដែរ។ មហាសង្ក្រាន ដែលប្រើរបៀបគន់គូរតាម សុរិយគតិ មានឈ្មោះថា សាមញ្ញសង្ក្រាន្ត (ព្រះអាទិត្យដើរត្រង់ពីលើក្បាលជា សង្ក្រាន្ត)។ មហាសង្ក្រាន ដែលប្រើរបៀបគន់គូរតាម ចន្ទគតិ ហៅថា អាយន្តសង្ក្រាន្ត (ពេលដែលព្រះអាទិត្យដើរបញ្ឈៀង មិនត្រង់ពីលើ)។ គេនៅប្រើ ចន្ទគតិ ដោយយោងទៅលើ សុរិយគតិ ព្រោះ ចន្ទគតិ មានទំនាក់ទំនងនឹងពុទ្ធប្បញ្ញត្តិច្រើន។ ចំណែកឯ ថ្ងៃចូលឆ្នាំតាម ចន្ទគតិ មិនទៀងទាត់ ជួនកាលចូលឆ្នាំក្នុងវេលាខ្នើត ជួនកាលចូលឆ្នាំក្នុងវេលារនោច។ ប៉ុន្តែ នៅក្នុងរវាង ១​ ខែ គឺមិនមុនថ្ងៃ ៤ កើត ខែ ចេត្រ និងមិនហួសថ្ងៃ ៤ កើត ខែ ពិសាខ ទេ។ ដូចនេះ សង្ក្រាន្តខ្លះធ្លាក់ទៅក្នុងខែ ពិសាខ។ ពិធីផ្សេងៗ ដែលប្រជាជនខ្មែររៀបចំតាមប្រពៃណី មានដូចតទៅ៖ ពេលមុនចូលឆ្នាំ គេនាំគ្នាប្រុងប្រៀបរកស្បៀងអាហារ សម្អាតផ្ទះសម្បែង រែកទឹកដាក់ពាង រកអុសទុក និងកាត់សម្លៀកបំពាក់ថ្មីជាដើម។ ថ្ងៃចូលឆ្នាំមកដល់ គេរៀបគ្រឿងសក្ការៈបូជាសម្រាប់ទទួលទេវតាថ្មីមាន៖ បាយសី ១គូ. ស្លាធម៌ ១គូ. ធូប​ ៥. ទៀន ៥. ទឹកអប់ ១គូ. ផ្កាភ្ញី. លាជ. ទឹក ១ផ្តិល. ភេសជ្ជៈ. នំនែក. និងផ្លែឈើគ្រប់មុខ។ ចំណែកផ្ទះសម្បែង គេតុបតែងរំលេចដោយអំពូលអគ្គិសនីខ្សែតូចៗចម្រុះពណ៌ ឬចង្កៀងគោមគ្រប់ពណ៌ សម្រាប់ទទួលទេព្ដាថ្មី។


លុះដល់វេលាកំណត់ទេព្ដាថ្មីយាងមកគេនាំកូនចៅអង្គុយជុំគ្នានៅជិតកន្លែងរៀបគ្រឿងសក្ការៈនោះ ហើយអុជទៀន ធូប បាញ់ទឹកអប់ បន់ស្រន់សុំសេចក្ដីសុខចម្រើនគ្រប់ប្រការពីទេព្ដាថ្មី។ ចំពោះគ្រឿងសក្ការៈ និងក្រយាស្ងោយដាក់ថ្វាយទេព្ដានោះ គេនិយមតម្រូវតាមចិត្តទេព្ដាដែលនឹងចុះក្នុងឆ្នាំនីមួយៗ។ ឧទាហរណ៍៖ បើទេព្ដាដែលត្រូវចុះមកនោះសោយល្ង សណ្ដែក គេដាក់សណ្ដែក ល្ង ថ្វាយ។ រីឯពិធី ៣ ថ្ងៃនៃថ្ងៃចូលឆ្នាំនោះគឺ៖
-ថ្ងៃទី ១ ៖ គេយកចង្ហាន់ទៅប្រគេនភិក្ខុទាំងឡាយនៅតាមវត្តអារាម។ ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាងវាលុកចេតិយនៅជុំវិញព្រះវិហារ ឬនៅជុំវិញដើមពោធិ៍ណាមួយនៅក្នុងវត្តនោះ។ នៅពេលព្រលប់គេប្រគេនភេសជ្ជៈដល់ភិក្ខុទាំងឡាយ និមន្តភិក្ខុសូត្រចម្រើនព្រះបរិត្ត និងសម្ដែងធម្មទេសនា។
-ថ្ងៃទី ២ ៖ កូនចៅជូនសម្លៀកបំពាក់ នំចំណី លុយកាក់ ដល់អ្នកមានគុណ មានឪពុកម្ដាយ ជីដូនជីតាជាដើម។ ជួនកាលគេធ្វើទានដល់មនុស្សបម្រើ ឬអ្នកក្រីក្រទៀតផង។ ពេលរសៀល គេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មត់ទុកដូចចូឡាមនីចេតិយ ហើយនិមន្តភិក្ខុទាំងឡាយបង្សុកូលចេតិយបញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធបងប្អូនដែលបានស្លាប់ទៅ។
-ថ្ងៃទី ៣ ៖ ពេលព្រឹកនិមន្តភិក្ខុទាំងឡាយសូត្រឆ្លងភ្នំខ្សាច់។ ពេលល្ងាច និមន្តភិក្ខុស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប (តាមការនិយមនៃស្រុកខ្លះ)។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះគេនាំគ្នាលេងល្បែងប្រជាប្រិយកំសាន្តសប្បាយជាច្រើនដូចជាលេង បោះអង្គញ់. ចោលឈូង. ទាញព្រ័ត្រ. លាក់កន្សែង. ចាប់កូនខ្លែងជាដើម និងមានរបាំត្រុដិ (ច្រើនមាននៅខេត្តបាត់ដំបង សៀមរាប) ជាពិសេសទៀតគឺរាំវង់ តែអាស្រ័យទៅតាមការនិយមចូលចិត្តរបស់មនុស្សម្នាក់ៗ។ អ្នកខ្លះនិយមនាំគ្នាដើរកម្សាន្តបន្ត អ្នកខ្លះនិយមធ្វើបុណ្យទានតាមវត្តអារាម។
ការធ្វើពិធីបុណ្យចូលឆ្នាំខ្មែរ
បុណ្យចូលឆ្នាំខ្មែរជាបុណ្យប្រពៃណីជាតិដែលប្រជាជននៅក្នុងប្រទេសកម្ពុជាតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរមានការរៀបចំដូចតទៅ៖ ពិធីបុណ្យចូលឆ្នាំប្រព្រឹត្តទៅ ៣ ថ្ងៃ គឺនៅថ្ងៃទី ១៣ ១៤​​ ឬ ១៥​ ខែ មេសា ព្រោះជារដូវកាលដែលប្រជាជនខ្មែរមានពេលទំនេរពីការប្រមូលផលស្រូវ និងដំណាំកសិកម្មផ្សេងៗ។ មុនពេលប្រារព្ធពិធីបុណ្យចូលឆ្នាំ ១ ឬ ២ ថ្ងៃ ប្រជាជនខ្មែរតែងតែនាំគ្នា សម្អាត តុបតែងផ្ទះសម្បែង និងរៀបចំគ្រឿងសម្ភារៈផ្សេងៗ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី។ នៅពេលចូលដល់ថ្ងៃទី ១ នៃថ្ងៃបុណ្យចូលឆ្នាំខ្មែរដែលក្នុងប្រពៃណីខ្មែរតែងហៅថ្ងៃនោះថាជា ថ្ងៃមហាសង្ក្រាន្ត (Sankranti)។ នៅពេលនោះប្រជាពលរដ្ឋខ្មែរដែលកាន់ជំនឿតាមព្រះពុទ្ធសាសនា បានរៀបចំកន្លែងទទួលទេវតាឆ្នាំថ្មីដែលមានគ្រឿងរណ្ដាប់ផ្សេងៗ និងមានតុបតែងលម្អដោយភ្លើងចម្រុះពណ៌តាមផ្ទះរបស់ពួកគេ។ គ្រឿងរណ្ដាប់មានដូចជា ៖ ទឹកផ្តិលអប់ដោយផ្កា. ទៀន ៥. ធូប ៥. ផ្កាភ្ញី. ភេសជ្ជៈ នំចំណី និងផ្លែឈើជាច្រើន។ល។

បន្ទាប់់មក ពួកគេនឹងធ្វើការសែនព្រេនដោយមានអុជធូប និងទៀនតាមគេហដ្ឋានរបស់ខ្លួន។ នៅពេលដល់កំណត់ថាទេវតាឆ្នាំថ្មីយាងចុះមកប្រសិទ្ធពរជ័យ សិរីសួស្ដីដើម្បីឲ្យពួកគេទទួលបានសេចក្ដីសុខពេញមួយឆ្នាំ។ នៅពេលចូលថ្ងៃទី ២ នៃបុណ្យចូលឆ្នាំខ្មែរគេហៅថ្ងៃនោះថាជា វារៈវ័នបត ប្រជាជននាំគ្នាទៅវត្តអារាមដើម្បីយកចង្ហាន់ នំចំណី ផ្លែឈើទៅប្រគេនព្រះសង្ឃ។ លើសពីនេះទៅទៀត ក៏មានការរៀបចំលេងល្បែងប្រជាប្រិយដូចជា៖ ចោលឈូង បោះអង្គញ់ លាក់កន្សែង និងមានការច្រៀងរាំបទចម្រៀងប្រពៃណីផងដែរ នៅតាមវត្តអារាម និងតាមបណ្ដាតំបន់នានានៅក្នុប្រទេសកម្ពុជា។ នៅពេលចូលថ្ងៃទី ៣ ជាថ្ងៃបញ្ចប់ពិធីបុណ្យចូលឆ្នាំគេហៅថា វារៈឡើងស័ក ឬថ្ងៃឆ្លង។ នៅថ្ងៃនោះគេតែងប្រារព្ធធ្វើពិធីស្រង់ទឹករូបបដិមារបស់ព្រះពុទ្ធនៅតាមវត្តអារាមដើម្បីសុំសេចក្ដីសុខ ហើយក៏ជាថ្ងៃបញ្ចប់នៃការប្រារព្ធធ្វើពិធីបុណ្យចូលឆ្នាំខ្មែរដែរ។
អត្ថន័យនៃបុណ្យចូលឆ្នាំខ្មែរ
តើជនជាតិខ្មែរនិយមចូលឆ្នាំថ្មីនៅថ្ងៃ ខែ ឆ្នាំណា? រាល់ឆ្នាំជនជាតិខ្មែរនិយមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅថ្ងៃទី ១៣ ខែ មេសា (យូរៗម្ដង ថ្ងៃទី ១៤ ខែ មេសា) ត្រូវនឹងខែ ចេត្រ នៃចន្ទគតិ។ តាមទម្លាប់ ជនជាតិខ្មែរនិយមរៀបចំចូលឆ្នាំចំនួន ៣ ថ្ងៃគឺ៖ ថ្ងៃទី ១ ជាថ្ងៃចូលឆ្នាំ. ថ្ងៃទី ២ ជាថ្ងៃ វារៈវ័នបត. ថ្ងៃទី ៣ ជាថ្ងៃឡើងស័ក។ ជនជាតិណាក៏ប្រារព្ធធ្វើបុណ្យចូលឆ្នាំថ្មីរបស់គេដែរ។ ចំពោះខ្មែរយើង នាំគ្នារៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជារៀងរាល់ឆ្នាំ ព្រោះយើងយល់ថាបុណ្យចូលឆ្នាំថ្មីមានអត្ថន័យជ្រាលជ្រៅ។ ខ្មែរមានជំនឿថា ក្នុងមួយឆ្នាំនៃការរស់នៅគេតែងជួបប្រទះអពមង្គល ឧបទ្រពចង្រៃផ្សេងៗ ជួនកាលមានទុក្ខសោក ជួនកាលមានគ្រោះអាសន្ន ជួនកាលមានជំងឺរួបរឹតរាងកាយ ជួនកាលទៀតបានប្រព្រឹត្តអំពើសៅហ្មងមិនគប្បី។ លុះផុតឆ្នាំចាស់ទៅគេនាំគ្នាធ្វើបុណ្យ គេស្លៀកពាក់ថ្មីៗ គេនាំគ្នាដើរលេងកម្សាន្តដើម្បីឲ្យអស់កង្វល់ ហើយឲ្យមានសិរីសួស្ដី មានសុភមង្គលនៅក្នុងឆ្នាំថ្មី។ ម្យ៉ាងទៀត រយៈពេលមួយឆ្នាំ ពួកគេបានបែកចេញពីគ្រួសារ និងញាតិមិត្ត ទៅប្រកបរបរចិញ្ចឹមជីវិតនៅទីឆ្ងាយៗ។ លុះដល់ឆ្នាំថ្មី គេបានវិលមកជួបជុំគ្នា សួរសុខទុក្ខគ្នា ដើម្បីបន្ធូរការនឹករឭក និងបំបាត់ការនឿយហត់ពីការងារផង។ រួចទើបបន្តជីវភាពថ្មីនៅក្នុងឆ្នាំថ្មីប្រកបរបរដោយជោគជ័យ និងអាយុយឺនយូរ។ ម្យ៉ងទៀត ពិធីបុណ្យចូលឆ្នាំថ្មីគឺជាប្រពៃណីអាចបណ្ដុះស្មារតីស្រឡាញ់រាប់អានគ្នារវាងអ្នកភូមិស្រុកជិតខាងគ្នា ជាកត្តាបង្កើតសាមគ្គីភាពជាតិ។ ហេតុនេះហើយ ទើបនៅពេលនោះគេមិនត្រឹមតែជួបជុំគ្នាក្នុងគ្រួសារប៉ុណ្ណោះទេ តែគេនាំគ្នាទៅធ្វើបុណ្យនៅវត្តអារាមដែលជាមជ្ឈមណ្ឌលអប់រំឲ្យមានមនុស្សធម៌ ​និងសាមគ្គីភាព។ ដោយសារពិធីបុណ្យចូលឆ្នាំថ្មីមានអត្ថន័យធំធេងយ៉ាងនេះ ទើបខ្មែរយើងនិយមរាប់អានទុកជាប្រពៃណីជាតិតាំងពីដើមរហូតមក។
និមិត្តសញ្ញាតំណាងឲ្យរាសី ឬខែនីមួយៗក្នុងប្រតិទិនខ្មែរ
ដោយសារប្រទេសខ្មែរបានទទួលឥទ្ធិពលសាសនាព្រាហ្មណ៍ (លទ្ធិហិណ្ឌូ) ទើបជនជាតិខ្មែរនៅតែបន្តប្រើប្រាស់ក្បួនគម្ពីរសាស្ត្រាបុរាណរបស់លទ្ធិព្រាហ្មណ៍ក្នុងការគិតគូររៀបចំធ្វើកិច្ចនានាខាងសាសនា។ តាមក្បួនតារាសាស្ត្រ ឬហោរាសាស្ត្របុរាណនៃលទ្ធិព្រាហ្មណ៍ គេយល់ថាផ្ទៃមេឃមានរាងដូចជារង្វង់មូល និងនៅស្ងៀមមួយកន្លែងដូចជាផែនដីដែរ។ គេយល់ថាព្រះអាទិត្យដើរជុំវិញផែនដីតាមគន្លងគោចរដែលមានរូបសណ្ឋានដូចជារង្វង់ ទើបពួកគេហៅថា រាសីចក្រ ឬចក្ររាសី (រង្វង់រាសី) ដែលត្រូវនឹងមួយឆ្នាំ។ ដោយសារតែពួកគេមើលឃើញនៅលើលំហមេឃមានផ្កាយ (តារា) ជាច្រើននៅក្បែរៗគ្នាហើយមានសណ្ឋានដូចជារូបផ្សេងៗ ដូចជារូបចៀម ឬពពែឈ្មោល. គោឈ្មោល. រូបមនុស្សប្រុសស្រីពីរនាក់. ក្ដាម. សិង្ហ. ស្រីក្រមុំ. ជញ្ជីង. ខ្ទួយ. ធ្នូ. ត្រីមករ (ត្រីថ្ករ ឬត្រីឆ្លាមមករ). ក្អម និងត្រី ដូច្នេះហើយទើបពួកគេដាក់ឈ្មោះបណ្ដុំផ្កាយ (នក្ខត្តឫក្ស ឬនក្សត្រ) ទាំងនោះតាមរូបភាពស្រដៀងទាំងនោះ។ ពួកគេចែកផ្ទៃមេឃជា ១២ ចំណែក ឬល្វែង (រាសី) ដោយដាក់ឈ្មោះចំណែកនីមួយៗស្របតាមរូបរាងនៃបណ្ដុំផ្កាយដូចជា មេសៈ ឬមេសរាសី. ឧសភៈ ឬឧសភរាសី. មិថុនៈ ឬមិថុនរាសី. កក្កដៈ ឬកក្កដរាសី. សីហៈ ឬសីហរាសី. កញ្ញា ឬកញ្ញារាសី. តុលា ឬតុលារាសី. វិច្ឆិកៈ ឬវិច្ឆិករាសី. ធនុ ឬធនុរាសី. មករៈ ឬមកររាសី. កុម្ភៈ ឬកុម្ភរាសី និងមីនៈ ឬមីនរាសី។ ដោយសារតែពួកគេកំណត់យកមេសរាសី (ខែមេសា) ជារាសីទីមួយ ទើបជនជាតិខ្មែរចាប់គិតថាខែ ចេត្រ ជាខែទីមួយនៃឆ្នាំថ្មីហើយក៏ប្រារព្ធធ្វើកិច្ចចូលឆ្នាំថ្មីនៅខែ ចេត្រ តាមលំអានរៀងមក។ នេះគឺដោយសារខ្មែរប្រើក្បួនគិតថ្ងៃតាមសុរិយគតិ។ បើតាមក្បួនចន្ទគតិ ខែ មិគសិរ គឺជាខែទីមួយនៃឆ្នាំថ្មី។ តាមក្បួនសុរិយគតិរបស់លទ្ធិព្រាហ្មណ៍ គេគិតថានៅខែ មេសា ព្រះអាទិត្យចរចេញពីមីនរាសី (Mina Rashi បណ្ដុំផ្កាយរាងដូចត្រី) ចូលទៅកាន់មេសរាសី (Mesa Rashi បណ្ដុំផ្កាយរាងដូចចៀមឬពពែឈ្មោល)។ ការចរចេញរបស់ព្រះអាទិត្យពីរាសីមួយទៅកាន់រាសីមួយហៅថា សង្ក្រាន្ត ឬសង្ក្រាន្តិ (Sankranti)។ ក្នុងមួយឆ្នាំមាន ១២ សង្ក្រាន្ត។ ដោយសារតែពួកព្រាហ្មណ៍កំណត់យក មេសរាសី ជារាសីទីមួយ (រាសីដំបូង. រាសីក្បាល. រាសីធំ ឬមហារាសី) ទើបគេហៅសង្ក្រាន្តនៅខែ មេសា ថា​មហាសង្ក្រាន្ត គឺដំណើរឆ្លងកាត់របស់ព្រះអាទិត្យពីចក្ររាសីនៃឆ្នាំចាស់ ទៅកាន់ចក្ររាសីនៃឆ្នាំថ្មី។ សព្វថ្ងៃ ខ្មែរនៅបន្តប្រើប្រាស់ក្បួនគិតថ្ងៃ ខែតាមវិធីចន្ទគតិ និងសុរិយគតិសម្រាប់ការរៀបចំកិច្ចខាងសាសនា ប៉ុន្តែសម្រាប់កិច្ចការរាជការ ខ្មែរបែរមកប្រើក្បួនគិត ថ្ងៃ ខែ ឆ្នាំតា​មគ្រិស្តសាសនា ដូចបណ្ដាប្រទេសទាំងឡាយនៅលើសកលលោកដែរ ដែលយើងនាំគ្នាហៅថា ឆ្នាំសាកល ឬគ្រិស្តសករាជ។ បុណ្យចូលឆ្នាំប្រព្រឹត្តទៅរយៈពេលបីថ្ងៃ គឺនៅថ្ងៃ ១២​ ១៣ ១៤ រោច ខែ ចេត្រ ត្រូវនឹងថ្ងៃទី​ ១៣ ១៤ ១៥ ឬថ្ងៃទី ១៤ ១៥ ១៦ ខែ មេសា ជារៀងរាល់ឆ្នាំពុំដែលខានឡើយ។ ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ យុវជន យុវតី បានប្រមូលផ្ដុំគ្នាលេងល្បែងប្រជាប្រិយប្រពៃណីដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ។ នេះជាល្បែងដែលប្រជាជនខ្មែរនិយមចូលចិត្តលេងតាំងពីដើមមករហូតដល់បច្ចុប្បន្ននេះ។ ក្នុងផ្នែកខ្លះនៃប្រទេសកម្ពុជាដូចជា ខេត្ត សៀមរាប និង បាត់ដំបងឬខេត្តមួយចំនួនទៀតគេលេងល្បែងទាំងនោះ។​ បុរសម្នាក់ជិះឈើកោងមួយដោយពាក់ក្បាលរមាំងនៅលើក្បាល និងមានចង្ក្រងនៅខាងក្រោយដូចជាកន្ទុយរមាំង។ បុរសពីរនាក់ទៀតត្រៀមខ្លួនដើម្បីប្រមាញ់ដោយមានកាន់ធ្នូក្នុងដៃ។ នៅពេលទទួលបានទេយ្យទានហើយ ពួកគេបរិច្ចាគសម្រាប់ជាទេយ្យវត្ថុសម្រាប់ព្រះសង្ឃនៅវត្ត។ នៅក្នុងភូមិតាមបណ្ដោយដងទន្លេមេគង្គ ស្ត្រីខេត្តកណ្ដាលប្រមូលផ្ដុំគ្នាទៅលេងនៅវត្ត។ សកម្មភាពនេះត្រូវគេជឿថានឹងធ្វើឲ្យក្រពើស្ងប់ស្ងាត់។ ទំនៀមទម្លាប់នេះមានប្រភពយូរលង់ណាស់មកហើយនៅពេលដែលមានក្រពើជាច្រើនក្បាលបានរស់នៅក្នុងទន្លេ។ ភូមិខ្លះ ប្រជាជនជាន់រូបសំណាកដើម្បីឲ្យខ្មោចព្រាយរស់នៅតាមដើមឈើជិតៗវត្តស្ងប់ស្ងាត់ ហើយសុំសេចក្ដីសុខក្នុងឆ្នាំថ្មីចូលមកដល់ខ្លួន និងក្រុមគ្រួសារផង។ ប្រជាជនខ្មែរបានប្រមូលផ្ដុំគ្នាទៅលេងវត្ត ទៅលេងតាមមាត់សមុទ្រ រមណីយដ្ឋានឬតាមប្រាសាទនានាដែលមាននៅក្នុងប្រទេសឬក្រៅប្រទេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ហើយប្រជាជនខ្លះជួបជុំបងប្អូនគ្រួសារញាតិមិត្តនៅឯផ្ទះរបស់ពួកគេដោយក្ដីរីករាយ៕
                                                សង្ក្រាន្ត

ពាក្យថា សង្ក្រាន្ត គឺដំណើរឃ្លាតចាកទីឈានចូលដល់ដំណើរដែលព្រះអាទិត្យចរចូលដល់ទីជួបមួយជុំនៃរាសីចក្រ ឬក៏ដំណើរដែលដើម និងចុងរាសីចក្រជួបគ្នាពេញគ្រប់មួយឆ្នាំ បានដល់ការដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីនេះឯង។ ពោលគឺ កំណត់យកពេលព្រះកេសរបស់កបិលមហាព្រហ្មត្រូវប្ដូរដៃគ្នាកាន់ ហើយឆ្នាំក៏ប្ដូរដែរ។ ឧទាហរណ៍ដូចជា ឆ្នាំទៅមិញជាឆ្នាំមមែ​ ត្រូវប្ដូរមកឆ្នាំនេះជាឆ្នាំវក។ សេចក្ដីទំនាយនៅក្នុងតម្រាមហាសំការសូត្របាននិយាយដល់ឈ្មោះទេពធីតាមហាសង្ក្រាន្តទាំង ៧ រូប និងគ្រឿងអាភរណៈរបស់នាងថា៖ ថ្ងៃចូលឆ្នាំដំបូង ឬថ្ងៃមហាសង្ក្រាន្ត
ក្នុងថ្ងៃចូលឆ្នាំដំបូង ឬថ្ងៃមហាសង្ក្រាន្ត នៅតាមគេហដ្ឋាននីមួយៗ សមាជិកគ្រួសារម្នាក់ស្លៀកពាក់ស្អាតបាតមកអង្គុយជួបជុំគ្នានៅមុខអាសនៈមានរៀបពលីការ រង់ចាំស្ដាប់សំឡេងស្គរពីវត្តឯនាយឲ្យសញ្ញាថា ឆ្នាំថ្មីនឹងមកដល់ឥឡូវហើយ។ កាលឮសូរសំឡេងស្គររោទ៍រណ្ដំហើយពិធីក៏ចាប់ផ្ដើមប្រព្រឹត្តទៅ។ ទាន និងធូបត្រូវបានដុតឡើង។ សមាជិកនៃគ្រួសារម្នាក់ៗក្រាបថ្វាយបង្គំព្រះពុទ្ធបដិមាបីដង និងនាំគ្នាចាប់ផ្ដើមនមស្ការថ្វាយបង្គំព្រះរតនត្រ័យព្រមទាំងនាំគ្នាស្វាគមន៍ចំពោះទេវតាឆ្នាំថ្មី ដែលជាអ្នកទទួលបន្ទុកថែរក្សាសុខមាលភាពមនុស្សជាតិក្នុងរយៈពេលមួយឆ្នាំ។ នៅក្នុងឱកាសនោះម្នាក់ៗបន់សុំសេចក្ដីសុខចម្រើនគ្រប់ប្រការអំពីទេវតាឆ្នាំថ្មី ដោយយកទឹកមង្គលមកស្រោចស្រពលើក្បាល និងលើខ្លួនប្រាណតាមជំនឿរបស់ខ្លួន។ គ្រួសារនីមួយៗនាំកូនចៅ និងយកម្ហូបអាហារដែលបានតាក់តែងរួចហើយនោះទៅប្រគេនព្រះសង្ឃនៅឯវត្តក្នុងវេលាមុនថ្ងៃត្រង់ និងស្ដាប់ព្រះសង្ឃសូត្រមន្តបង្សុកូល។ គេអាចដឹងនូវឈ្មោះទេវតា គ្រឿងអលង្ការ ក្រយាស្ងោយ វត្ថុដែលព្រះអង្គកាន់ ព្រះរាជទីនាំង សេចក្ដីសុខទុក្ខ ឫក្ស ឬកាលបរិច្ឆេទដែលទេវតាឆ្នាំថ្មីចុះមកទទួលវេនអំពីទេវតាឆ្នាំចាស់ កាលបរិច្ឆទផ្លាស់សករាជថ្មី អាកាសធាតុ និងផលិតផលកសិកម្ម គន់គូរតាមក្បួនមហាសង្ក្រាន្តបែបបុរាណ។ ឧទាហរណ៍ ឆ្នាំថ្មីនេះជាឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ទេវតាឆ្នាំថ្មីជាទេពធីតាឈ្មោះ មណ្ឌាទេវី គង់នៅឋានចាតុម្មហារាជិកា សៀតផ្កាចម្ប៉ានៅព្រះកាណ៌ ទ្រង់អម្ពរពណ៌អន ប្រដាប់ដោយពិទូរ្យ សោយទឹកដោះជាអាហារ ព្រហស្តស្ដាំទ្រង់ម្ជុល ឆ្វេងឈើច្រត់ និងគង់លើខ្នងលាជារាជទីនាំង។ ចូលឆ្នាំថ្មីនៅថ្ងៃ ពុធ ៧កើត​ ខែ ចេត្រ ត្រូវនឹងថ្ងៃទី ១៣ ខែ មេសា គ.ស ២០១៦ វេលាម៉ោង ៨ និង ៤៣ នាទីយប់។ ផ្លាស់សករាជថ្មីនៅថ្ងៃ សៅរ៍ ១០ កើត ខែ ចេត្រ ត្រូវនឹងថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០១៦ វេលាម៉ោង ១២ : ២៤ នាទី និង១២ វិនាទី ។
ថ្ងៃទី ២ វារៈវ័នបត
ក្នុងថ្ងៃទី ២ ថ្ងៃវ័នបត ម្នាក់ៗភ្ញាក់ពីព្រលឹមខុសពីធម្មតា។ កូនចៅរៀបចំវត្ថុជាច្រើនមុខយ៉ាងសមរម្យមានសម្លៀកបំពាក់ថ្មីថ្មោង និងចំណីអាហារយកទៅជូនដល់មាតាបិតា ជីដូនជីតា និងគ្រូបាធ្យាយ។ ការធ្វើរបៀបនេះ បង្ហាញឲ្យឃើញនូវការគោរព និងការដឹងគុណរបស់កូនចៅចំពោះអ្នកមានគុណ។ គ្រួសារបរិច្ចាគលុយកាក់ដាក់ទានដល់ជនក្រីក្រ ដល់អ្នកបម្រើ និងគ្រួសារទុគ៌តទាំងឡាយ រួចហើយគេនាំគ្នាទៅវត្តដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន។ ក្នុងថ្ងៃទី ២ នេះ ពុទ្ធបរិស័ទនិយមធ្វើពិធីពូនភ្នំខ្សាច់។ គេពូនភ្នំធំមួយចំកណ្ដាល និងភ្នំតូចៗបួនសងខាង​ធ្វើរាជរថព័ទ្ធជុំវិញ មានទ្វារចេញចូលបានទាំងបួនទិសដែលហៅថា វាលុកចេតិយ ។ វាលុកចេតិយគឺជាតំណាង ចូឡាមណីចេតិយជាទីដែលពួកទេព្ដាសាងបញ្ចុះព្រះមូលី (ព្រះកេសធាតុ) និងព្រះទាឋាធាតុ (ព្រះចង្កូមកែវ) របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៅឯឋានត្រៃត្រិង្ស ដោយសម្គាល់ថាបានផលានិសង្សច្រើនផងបានរួចរំដោះអំពីគ្រោះចង្រៃក្នុងឆ្នាំចាស់ចេញស្រឡះផង និងបានទទួលសិរីសួស្ដីក្នុងឆ្នាំថ្មីជារៀងរហូតទៅផង។​ មានមតិត្រឹមត្រូវមួយដែលអាចនឹងកើតជាបុណ្យកុសលថា ភ្នំធំនៅចំកណ្ដាលនោះ គឺជាតំណាងព្រះសក្យមុនីចេតិយ ជាទីបញ្ចុះព្រះសារីរិកធាតុរបស់ព្រះអង្គ រីឯភ្នំតូច ៤ ទៀតជាតំណាងចេតិយបញ្ចុះអដ្ឋិធាតុរបស់ព្រះសារីបុត្រ ព្រះមោគ្គល្លាន ព្រះអានន្ទ និងព្រះមហាកស្សប ដែលជាសាវ័កសំខាន់ៗរបស់ព្រះអង្គ សុទ្ធសឹងជាព្រះអរហន្តមានគុណធម៌ខ្ពស់កម្ចាត់អំពើបាបរួចអស់ហើយ។ ម្យ៉ាងទៀត ខ្មែរយើងតែងមានជំនឿថា គ្រាប់ខ្សាច់មួយគ្រាប់ៗដែលចាក់ពូននោះ អាចផ្ដល់អានិសង្សដល់អ្នកដែលបានពូននោះឲ្យបានរួចរំដោះនូវបាបគ្រោះ និងកម្មពៀរវេរាទាំងពួងទៀតផង។ មហាសំការសូត្រ ក៏បានបញ្ជាក់អំពីអានិសង្សនៃការពូនភ្នំខ្សាច់នោះថា៖ ពេលសង្ក្រាន្តថ្មីចូលមកដល់ ព្រះបាទបសេនទិកោសល បានចូលទៅទូលសួរព្រះដ៏មានព្រះភាគថា មុនពេលព្រះអង្គទ្រង់បរិនិព្វានទៅ បើដល់សង្ក្រាន្តចូលឆ្នាំថ្មីម្ដងៗ តើខ្ញុំព្រះអង្គគួរបំពេញបុញ្ញកម្មអ្វីខ្លះ? ។ ព្រះដ៏មានព្រះភាពត្រាស់ថា បពិត្រ មហារាជ! គួរសាងវាលុកចេតិយនៅឆ្នេរស្ទឹង ឬទន្លេហើយនាំយកគ្រឿងសក្ការៈមានទៀន ធូប គ្រឿងក្រអូប ផ្កាភ្ញីជាដើម មកបូជាថ្វាយចុះ ។ ព្រះអង្គក៏បានត្រាស់បញ្ជាក់អំពីអានិសង្សនៃការកសាងវាលុកចេតិយ ជាព្រះបាលីគាថាយ៉ាងដូច្នេះថា ពាលុក ចេតិយំ កត្វា យេ នរា អថ នារិយា អន្នំ បានំ វត្ថំ បប្ជំ គន្ធវិលេបនាទីនិ អាហរិត្វា ចេតិយំ បូជំ កត្វា សទ្ធាយ ច អានិសំ មហប្ជលំ ទ្វេ កុលេ ឧប្បជ្ជតិ ខត្តិយេ​ ចាបិ ព្រាហ្មណេ ហីនេ កុលេ ន ជាយន្តិ ពាលុកស្ស ឥទំ ផលំ ។ ប្រែថា នរៈនារីណាដែលបានសាងវាលុកចេតិយ ហើយបានយកនូវបាយ ទឹក សំពត់ ផ្កា គ្រឿងក្រអូប គ្រឿងលាបជាដើម បូជាព្រះចេតិយនោះដោយសទ្ធាជ្រះថ្លា នរៈនារីនោះរមែងបានទទួលនូវផលានិសង្សច្រើន រមែងទៅកើតក្នុងត្រកូលពីរគឺ ខត្តិយត្រកូល និងព្រាហ្មណត្រកូល មិនទៅកើតក្នុងត្រកូលថោកទាបឡើយ។ នេះជាផលអានិសង្សនៃការសាងវាលុកចេតិយ
ថ្ងៃទីបី វារៈឡើងស័ក
ក្នុងថ្ងៃទីបី ថ្ងៃឡើងស័ក កម្មវិធីបុណ្យមានសារសំខាន់ជាងថ្ងៃដទៃទៀត។ វេលាព្រឹក ពុទ្ធបរិស័ទនិមន្តព្រះសង្ឃបង្សុកូលឆ្លងភ្នំខ្សាច់វាលុកចេតិយ។ វេលារសៀលមានការស្រង់ព្រះពុទ្ធបដិមា ព្រះសង្ឃ និងមាតាបិតា ឬជីដូនជីតា។ ការងូតទឹកជម្រះកាយជូនចំពោះមាតាបិតា ឬជីដូនជីតា កូនចៅបានទទួលនូវពរសព្វសាធុការ និងដំបូន្មានល្អៗសម្រាប់អប់រំខ្លួនតទៅអនាគត។ រីឯការស្រង់ព្រះពុទ្ធបដិមាជានិមិត្តរូបថា ទឹកគឺជាសេចក្ដីត្រូវការចាំបាច់ចំពោះរុក្ខជាតិ និងជីវិតសព្វសត្វ។ មហាសំការសូត្រក្នុងគម្ពីរសុត្តន្តជាតកបញ្ជាក់ពីអានិសង្សនៃការស្រង់ទឹកព្រះសង្ឃ និងមាតាបិតាថា៖ កាលថ្ងៃសង្ក្រាន្តចូលមកជិតដល់ ព្រះបាទបសេនទិកោសលបានរៀបចំរបាំយ៉ាងស្អាតនៅឆ្នេរស្ទឹងមួយ រួចហើយក៏និមន្តព្រះពុទ្ធ​ និងព្រះសង្ឃស្រង់ទឹកដោយមានសមាទានសីល ប្រគេនភត្តាហារចំពោះព្រះពុទ្ធ និងព្រះសង្ឃទាំងអស់ក្នុងទីនោះផង ។ គម្ពីរដដែលបញ្ជាក់ថា អ្នកណាបានស្រង់ទឹកព្រះសង្ឃ មាតាបិតា និងគ្រូឧបជ្ឈាយ៍បានទទួលអានិសង្សច្រើនណាស់។ លុះដល់អនាគតជាតិនឹងបានទៅកើតក្នុងទេវលោកឋាន និងបានជាស្ដេចចក្រពត្តិ មានបុណ្យបារមីច្រើន មានរូបសម្បត្តិល្អ មានទ្រព្យសម្បត្តិច្រើន មានសេចក្ដីសុខគ្រប់បែបយ៉ាង។ ប្រទេសខ្មែរយើងសម័យបុរាណ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ ពេលចូលឆ្នាំថ្មីម្ដងៗ ពុទ្ធបរិស័ទតែងនិមន្តព្រះពុទ្ធរូបដ៏មានមហិទ្ធិឫទ្ធិ ២៥ អង្គ ដែលជាតំណាងនៃអាណាខេត្តនីមួយៗក្នុងព្រះរាជាណាចក្រកម្ពុជាមកធ្វើពិធីស្រង់ទឹកនៅប្រាសាទព្រះខ័ន (ឬ ប្រាសាទជ័យស្រី) រួចហើយគេដង្ហែព្រះពុទ្ធរូបគ្រប់អង្គជាក្បួនយ៉ាងមហោឡារិក គគ្រឹកគគ្រេងមុននឹងយកទៅតម្កល់ទុកនៅកន្លែងដើមវិញ។ រាជរដ្ឋាភិបាលក៏ប្រារព្ធបុណ្យឡើងស័កក្នុងថ្ងៃទី​៣ នេះដែរ ដើម្បីដំឡើងឋានន្តរស័ក្ដិដល់ជនស៊ីវិល និងទាហានណាដែលខំប្រឹងធ្វើការប​ម្រើប្រទេសជាតិអស់ពីសមត្ថភាពឲ្យឡើងកាន់តំណែងក្រសួង និងឋានៈខ្ពង់ខ្ពស់។ រាជរដ្ឋាភិបាលប្រកាន់យកព្រះពុទ្ធសាសនាថេរវាទថាជាសាសនារបស់រដ្ឋ។ ព្រះពុទ្ធទ្រង់ជ្រើសរើសផ្លូវសន្ដោស យោគយល់ និងសេចក្ដីស្រឡាញ់ ដើម្បីបញ្ឈប់នូវសេចក្ដីលោភៈ ទោសៈ និងមោហៈ ហេតុដូច្នេះហើយបានជាអ្នកទោសទាំងឡាយត្រូវបានបន្ថយទោសឬដោះលែងឲ្យរួចខ្លួន មានសិទ្ធិសេរីភាពឡើងវិញ។ ឱកាសបុណ្យចូលឆ្នាំទាំងបីថ្ងៃនេះ វេលាព្រឹក ពុទ្ធបរិស័ទនាំគ្នាទៅកាន់ទីវត្តប្រគេនចង្ហាន់ដល់ព្រះសង្ឃ សមាទានសីល ៥ ពូនភ្នំខ្សាច់ និងនិមន្តព្រះសង្ឃបង្សុកូលឆ្លងភ្នំខ្សាច់នោះ ដើម្បីឧទ្ទិសជូនដួងវិញ្ញាណក្ខន្ធជូនបុព្វការីជន។ វេលារសៀល មនុស្សប្រុសស្រីនាំគ្នាលេងល្បែងប្រជាប្រិយយ៉ាងរីករាយដូចជា នាំគ្នាបោះអង្គញ់ ចោលឈូងទាញព្រ័ត្រ។ គេនាំគ្នាច្រៀង និងប្រឡែងគ្នាលេង សម្ដែងរបាំប្រជាប្រិយ។ល។ មិត្តភក្ដិសើចក្អាកក្អាយ សត្រូវក្លាយជាមិត្ត និងបំភ្លេចនូវរឿងអាស្រូវចាស់ចោល។ គេធ្វើដំណើរកាត់ពីភូមិមួយទៅភូមិមួយ ពីវត្តមួយទៅវត្តមួយដើម្បីជួបជាមួយមនុស្សដទៃ ហើយលេងល្បែងប្រជាប្រជាប្រិយកំសាន្តសប្បាយទាំងអស់គ្នា។ អ្នកខ្លះនាំគ្នាទស្សនាប្រាង្គប្រាសាទដែលជាបូជនីយស្ថាន ព្រៃភ្នំជ្រោះជ្រលងដងអូរ បឹងបួរ ឬមាត់សមុទ្រជាដើម។ ការលេងល្បែងស៊ីសងមិនមែនជាទំនៀមទម្លាប់របស់ខ្មែរយើងទេ ក៏ប៉ុន្តែជាអាវុធសម្រាប់បំផ្លាញសុភមង្គលគ្រួសារ និងសង្គមខ្មែរទៅវិញ។

 
*សម្គាល់៖ ថ្ងៃឡើងស័ក មានន័យថា ថ្ងៃដែលត្រូវប្ដូរទៅស័កថ្មីដូចជា ប្ដូរពី ឯកស័ក ទៅ ទោស័ក ជាដើម។ *ស័កនេះមាន ១០ គឺឯកស័ក ទោស័ក ត្រីស័ក ចត្វាស័ក បញ្ចស័ក ឆស័ក សប្តស័ក អដ្ឋស័ក នព្វស័ក សំរឹទ្ធិស័ក។

=================================
រៀបរៀងដោយប្លុក អេន សំណាង 

ensamnang.blogspot.com   :D

ដកស្រង់ និងកែសម្រួលពី៖
* ខ្មែរឡូត
* វចនានុក្រមអានផេឌៀ ២០១៦ (ANTPedia 2016) 
   ដែលរៀបរៀងអត្ថបទដោយ៖  លោក សយ សុខអាង

 
 
 

No comments:

Post a Comment