Thursday, April 15, 2021

រឿងរ៉ាវមួយចំនួនដែលអ្នកប្រហែលមិនធ្លាប់បានដឹងអំពីពិធីបុណ្យចូលឆ្នាំចិន

ការប្រារឰពិធីបុណ្យចូលឆ្នាំថ្មីចិន ត្រូវបានកំណត់ទៅតាមចន្ទគតិចិនជាហេតុធ្វើឱ្យកាលបរិច្ឆេទប្រែប្រួលជារៀងរាល់ឆ្នាំនៅក្នុងប្រតិទិនសុរិយគតិ។ នៅក្នុងប្រតិទិនសុរិយគតិ កាលបរិច្ឆេទនៃការប្រារឰពិធីចូលឆ្នាំចិន មានបម្រែបម្រួលជារៀងរាល់ឆ្នាំ ពោលគឺចន្លោះ ថ្ងៃទី២១ ខែមករា ដល់ថ្ងៃ ទី២០ ខែកុម្ភៈ។ ជាទូទៅ ពិធីបុណ្យនេះបានចាប់ផ្ដើមធ្វើឡើងនៅចំថ្ងៃដែលព្រះចន្ទថ្មីបានចាប់ផ្ដើមរះបំភ្លឺលោកិយ។


ពិធីចូលឆ្នាំថ្មីប្រពៃណីចិន ត្រូវបានប្រារឰធ្វើឡើងនៅតាមតំបន់នានាដែលមានប្រជាជនចិនរស់នៅយ៉ាងច្រើនកុះករ។ គេចាត់ទុកពិធីបុណ្យនេះជាពិធីបុណ្យដ៏សំខាន់មួយ សម្រាប់ជនជាតិចិននិងជនជាតិដទៃទៀតដែលឥទ្ធិពលវប្បធម៌ចិនបានជះសាយ ភាយទៅដល់ដូចជា ប្រទេសវៀតណាម កូរ៉េ ម៉ុងហ្គោល នេប៉ាល់ ប៊ូតង់ ជាដើម។ ចំណែកឯជនជាតិជប៉ុន នៅមុនឆ្នាំ១៨៧៣ ក៏ធ្លាប់បានប្រារឰពិធីបុណ្យចូលឆ្នាំចិននេះ ទៅតាមប្រពៃណីផងដែរ។ មិនតែប៉ុណ្ណោះ ក្រៅពីនៅទឹកដីចិនដីគោកក៏មានដូចជា ហុងកុង ម៉ាកាវ តៃវ៉ាន់ សិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ ឬប្រទេសនានាក្នុងតំបន់ដែលមានប្រជាជនចិនរស់នៅបាន រៀបចំប្រារព្ធពិធីបុណ្យនេះ និងមានលក្ខណៈខុសគ្នាពីតំបន់មួយទៅតំបន់មួយផងដែរ។


បើនិយាយពីព្រិត្ដិការណ៍ធំបំផុតនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន គឺការបរិភោគអាហារពេលល្ងាចជួបជុំគ្រប់ក្រុមគ្រួសារទាំងអស់។ អាហារពេលល្ងាចនោះគឺជា អាហារដែលផ្សំឡើងពីត្រី។ អាហារនេះ ត្រូវបានគេប្រៀបធៀបទៅនឹងអាហារពេលល្ងាចក្នុង ពិធីបុណ្យណូអ៊ែល របស់ពួកបស្ចិមប្រទេស។ នៅប្រទេសចិនភាគខាងជើង ប្រជាជនមានទម្លាប់ជាប្រពៃណីគឺធ្វើ នំដុត ទុកសម្រាប់បរិភោគនៅពាក់កណ្ដាលរាត្រី។ នំដុត គឺជានិមិត្ដរូបបង្ហាញនូវ ទ្រព្យសម្បត្ដិ ពីព្រោះទម្ងន់នំដុតមានលក្ខណៈដូចទៅនឹង មាសតម្លឹង របស់ចិនយ៉ាងដូច្នោះដែរ។ ចំណែកនៅឯប្រទេសចិនភាគខាងត្បូងឯណោះវិញ ប្រជាជនមានទម្លាប់ជាប្រពៃណីគឺធ្វើ នំព្រះខែឆ្នាំថ្មី ក្រោយពីថ្ងៃទទួលទានអាហារពេលល្ងាចរួចហើយ។ ពួកគេកាត់នំនោះមួយចំណែកធំធ្វើជាអំណោយផ្ញើជូនសាច់ញាតិ និងមិត្ដភក្ដិនៅក្នុងថ្ងៃចូលឆ្នាំថ្មីខាងមុខ។ នំនៀនហ្កូវ តាមន័យអក្សរសាស្ដ្រមានន័យថា ឆ្នាំចម្រើនរុងរឿងនឹងចូលមកដល់។ ក្រោយពីទទួលទានអាហារពេលល្ងាចជួបជុំគ្នាហើយ ក្រុមគ្រួសារខ្លះបានធ្វើដំណើរទៅវត្ដអារាមនានា ដែលនៅក្នុងសហគមន៍អស់រយៈពេលជាច្រើនម៉ោង ដើម្បីបួងសួងសុំសេចក្ដីសុខចម្រើននាឆ្នាំថ្មីខាងមុខ។ ទោះបីជាយ៉ាងណា នៅក្នុងការប្រតិបត្ដិនាសម័យទំនើបនៅតាមផ្ទះសំបែងជាច្រើនបានរៀបចំឱ្យមានពិធីជប់លៀង និងពិធីរាប់ពេលវេលាថយក្រោយរហូតដល់ឆ្នាំថ្មីចូលមកដល់។



ប្រភព: kohsontepheap.com.kh

No comments:

Post a Comment