Thursday, April 15, 2021

វិធីកត់ត្រាមេរៀនទាំង១០ ដើម្បីកត់ឱ្យស្រួលមើល ស្រួលចាំ​ និងស្រួលរំលឹក

Credit: Marina Rich, Rido – Shutterstock

បើសិនជាអ្នកចំណាយពេលស្ងៀមស្ងាត់ ហើយខំប្រឹងស្តាប់ និងកត់ត្រាដោយយកចិត្តទុកដាក់ វានឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនពេលអ្នកធ្វើការងារសាលា ឬពេលអ្នករំលឹកមេរៀនឡើងវិញដើម្បីសរសេរអត្ថបទ ឬពេលអ្នករំលឹកមររៀនត្រៀមប្រឡង​។​ ទាំងនេះគឺជាគន្លឺះមួយចំនួនអំពីរបៀបកត់ចំណាំ និងកត់មេរៀនឱ្យស្រួលមើល ស្រួលចាំ​ និងស្រួលរំលឹក៖
1. សរសេរតែចំណុច​ឬអ្វីដែលសំខាន់បានហើយ

នេះគឺជាកំហុសមួយដែលយើងភាគច្រើនតែងបានធ្វើពេលកត់មេរៀនម្ដងៗ។​ ទោះបីជាយើងខំព្យាយាមយ៉ាងណាក៏ដោយ ក៏យើងមិនអាចកត់ចំណាំគ្រប់យ៉ាងទាំងអស់បានដែរ។​ ហើយទោះបីជាអ្នកអាចកត់បានទាំងអស់មែន អ្នកក៏មិនអាចស្តាប់យល់គ្រប់យ៉ាងដែលគ្រូបានបង្រៀនដែរ​។ និយាយឱ្យ​ខ្លីទៅ គឺ​អ្នកមិនបានគិតត្រិះរិះអំពីព័ត៌មានដែលអ្នកបានលឺនិង​បានសរសេរនោះទេ ពីព្រោះអ្នកកំពុងជាប់រវល់សរសេរព័ត៌មានទាំងនោះទុក។​ ដូចនេះ សរសេរតែចំណុចៗ ឬអ្វីដែលសំខាន់បានហើយ។

2. ប្រើឧបករណ៍ថតសំឡេង

ប្រសិនបើអ្នកជាអ្នកសរសេរយឺត អ្នកអាចប្រើឧបករណ៍ថតសំឡេងដើម្បីថតការបង្រៀននោះទុកបាន បើសិនជាអ្នកព្រួយបារម្ភខ្លាចបាត់ចំណុចសំខាន់ណាមួយ។ អ្នកអាចយកសម្លេងការបង្រៀននោះមកចាក់ស្តាប់នៅពេលក្រោយ ពេលអ្នកកត់មេរៀនសារថ្មីបាន ជាជាងព្យាយាមផ្ចង់ស្ដាប់ផង កត់ផង និងគិតផងក្នុងពេលតែមួយក្នុងថ្នាក់។ ប៉ុន្តែ សូមកុំអាងឧបករណ៍ថតសំលេងទាំងនោះ ហើយមិនយកចិត្តទុកដាក់ស្ដាប់ និងកត់ចំណាំពីចំណុចសំខាន់ពេលគ្រូពន្យល់។​ ទូរស័ព្ទ​ភាគច្រើននៅក្នុងសម័យបច្ចុប្បន្ន មានភ្ជាប់មកជាមួយកម្មវិធីថតសំឡេងផ្សេងៗ​ដែលអ្នកអាចយកមកប្រើប្រាស់ដើម្បីជួយការសិក្សារបស់អ្នកបាន។

3. ផ្ទៀងស្ដាប់ និងផ្ដោតអារម្មណ៍​

ទោះបីជាអ្នកបានគេងគ្រប់​រយៈពេលប្រាំបីម៉ោងក៏ដោយ ក៏អ្នកអាចងាយនឹងបាត់សម្មាធិ​ ឬភ្លេចផ្តោតអារម្មណ៍ស្ដាប់ការបង្រៀនដ៏គួរឱ្យធុញទ្រាន់មួយដែរ។ ប្រសិនបើអ្នកមិនបានយកចិត្តទុកដាក់ស្ដាប់ អ្នកអាចមានអារម្មណ៍អាក់អន់ចិត្តនៅពេលក្រោយ ពេលអ្នករំលឹកមេរៀនហើយមិនយល់អ្វីសោះ។ តាមរយៈការផ្តោតអារម្មណ៍ ឬផ្ទៀងស្ដាប់ការពន្យល់ អ្នកអាចស្រួលរំលឹកនៅពេលក្រោយជាង។ អ្នកអាចផឹកកាហ្វេមុនពេលចូលថ្នាក់ ឬប្រើវិធីណាមួយរបស់អ្នកដើម្បីដាស់ខ្លួនអ្នកឱ្យស្វាង មុនពេលចូលរៀន។​

4. ផាត់ពណ៌ គូសបន្ទាត់ និងកត់ចំណាំ

អ្នកនឹងអាចមើលឃើញនូវចំនុចសំខាន់ៗដែលសាស្រ្តាចារ្យរបស់អ្នកបានសង្កត់ឬផ្ដោតលើពេលបង្រៀន តាមរយៈការផាត់ពណ៌ គូសបន្ទាត់ និងកត់ចំណាំ។ ​ អ្នកអាចផាត់ពណ៌ ឬគូសលើពាក្យនិងឃ្លាជាក់លាក់ណាមួយដែលអ្នកគិតថាសំខាន់។ ការធ្វើបែបនេះក៏អាចជួយអ្នកឱ្យឆាប់ចងចាំ និងធ្វើឱ្យអ្នកចង់អានវាពេលបើកសៀវភៅមើលម្ដងៗ។ ប៉ុន្តែកុំខ្វល់ឬរវល់ជាមួយការច្នៃប្រឌិតខាងសិល្បៈរបស់អ្នកខ្លាំងពេក អ្នកអាចបន្តធ្វើវានៅពេលអ្នករំលឹកមេរៀននៅផ្ទះបាន។

5. រៀនប្រើអក្សរកាត់

សៀវភៅកត់ត្រាមេរៀនទាំងនេះគឺជារបស់អ្នកតែម្នាក់គត់ គ្មានអ្នកណាចាំផ្ទៀងមើលវាក្រៅពីអ្នកនោះទេ។ ដូច្នេះ អ្នកអាចចំណាយពេលខ្លះដើម្បីរកនឹកពាក្យឬអក្សរខ្លីៗ ដើម្បីយកមកប្រើពេលកត់ត្រាចំណាំខ្លួនឯងបាន។ ពាក្យឬអក្សរខ្លីៗទាំងនោះអាចជា “១” ជំនួសឱ្យ “មួយ” ឬ “ដើ3” ជំនួសឱ្យ “ដើម្បី” ឬ “ជា1” ជំនួសឱ្យ “ជាមួយ” ឬអ្វីផ្សេងទៀតក៏បាន ដរាបណាខ្លួនអ្នកអាចមើលយល់។ ឬអ្នកក៏អាចមានបញ្ជីរាយពាក្យឬអក្សរកាត់ទាំងនោះ ដើម្បីបើកមើលពេលភ្លេចម្ដងៗក៏បាន។​

6. កម្ចាត់អស់រាល់ការរំខានផ្សេងៗ

ប្រសិនបើអ្នកប្រើកុំព្យូទ័រយួរដៃ (Laptop) ឬ (Tablet) សម្រាប់កត់ត្រា អ្នកត្រូវធ្វើឱ្យប្រាកដថា វានឹងមិនមានលឺសំឡេងរំខានពេលអ្នកកំពុងរៀន។ អ្នកគួរដាក់សំឡេងរំញ័រ ឬបិទសំឡេង មុនពេលអ្នកដើរចូលថ្នាក់រៀន។ ករណីការប្រើគ្រឿងអេឡិចត្រូនិចនេះជាករណីលើកលែង បើសិនជាអ្នកជាមនុស្សដែលសរសេរអក្សរមិនបានលឿនដូចវាយអក្សរក្នុងកុំព្យូរទ័រ (ប៉ុន្តែជាទូទៅ យើងសូមណែនាំឱ្យអ្នកកត់ ឬសរសេរដោយដៃផ្ទាល់វិញល្អជាង)។ អ្នកប្រហែលជាគិតថាអ្នកគួរមានគ្រឿងអេឡិចត្រូនិចទាំងនេះនៅជិតដៃ ដើម្បីស្រួលឆែកមើលចំណុចណាមួយដែលអ្នកមិនយល់ឬមិនច្បាស់ក្នុងចិត្ត ប៉ុន្តែពេលនេះមិនមែនជាពេលសម្រាប់ឆែករកមើលមេរៀនតាមអ៊ីនធឺណេតទេ។ អ្នកអាចកត់នូវចំណុចណាដែលអ្នកមិនយល់ទុកសិន ហើយសឹមឆែករកមើលវាពេលចប់ម៉ោងរៀនក៏បាន។​

7. ទុកចន្លោះខ្លះពេលអ្នកសរសេរ

ប្រសិនបើអ្នកខកខានមិនបានស្ដាប់ ឬមិនច្បាស់ពីចំណុចណាមួយដែលគ្រូរបស់អ្នកបានពន្យល់រួច អ្នកអាចត្រឹមសរសេរពីអ្វីដែលអ្នកបានយល់សិន ហើយទុកចន្លោះខ្លះសម្រាប់សរសេរ​បន្ថែមនៅពេលក្រោយ (ពេលដែលគ្រូនិយាយឬរំលឹកសារជាថ្មី ឬពេលដែលអ្នកបានស្រាវជ្រាវរកឃើញតាមអ៊ីនធឺណេតពេលរំលឹកមេរៀននៅផ្ទះ)។​

8. សរសេររៀបចំមេរៀនរបស់អ្នកឡើងវិញបន្ទាប់ពីរៀនចប់

ចូររៀបចំ និងសរសេរនូវអ្វីដែលអ្នកបានកត់ចំណាំឡើងវិញភ្លាម បន្ទាប់ពីចប់ម៉ោងរៀន ឬពេលមកដល់ផ្ទះ។ ការអានពីអ្វីដែលអ្នកបានកត់ចំណាំ​ អាចជួយពង្រឹងចំណេះដឹងរបស់អ្នកបាន។​ ហើយការសរសេរឬ​វាយបញ្ចូលវាក្នុងកុំព្យូរទ័រ គឺជាវិធីដ៏ល្អឥតខ្ចោះមួយដើម្បីឱ្យដឹងច្បាស់ថា អ្នកពិតជាបានយល់អំពីអ្វីគ្រប់យ៉ាងមែន។ វិធីនេះនឹងធ្វើឱ្យការរំលឹកមេរៀនរបស់អ្នកកាន់តែមានភាពងាយស្រួល នៅពេលអ្នកត្រូវត្រលប់មកមើលមេរៀនឡើងវិញមុនពេលប្រឡង​។​

9. ចែករំលែកសៀវភៅកត់ត្រារបស់អ្នកជាមួយមិត្តរួមថ្នាក់របស់អ្នក

បើសិនអ្នកមានមិត្តរួមថ្នាក់ពូកែៗ អ្នកអាចសុំចែករំលែកមើលសៀវភៅកត់ត្រារបស់ពួកគេបាន​។ វានឹងអនុញ្ញាតឱ្យអ្នកអាចរកឃើញពីកំហុស ឬការភ័ណច្រឡំផ្សេងៗដែលអ្នកមាន ពេលអ្នកខំប្រញាប់សរសេរដើម្បីតាមឱ្យទាន់គ្រូ។​ ឬអ្នកក៏អាចសិក្សាជាក្រុម ហើយសុំឱ្យពួកគេជូយពន្យល់អ្នកផងក៏បាន។​​ តែបើអ្នកជាអ្នកពន្យល់អ្នកដទៃវិញ អ្នកក៏អាចសន្សំពេលរំលឹកមេរៀន​ តាមរយៈការពន្យល់របស់អ្នកបានដែរ។ ​ ប៉ុន្តែសូមចងចាំថា មិនមែនមនុស្សគ្រប់គ្នាចូលចិត្តចែករំលែកសៀវភៅកត់ត្រារបស់ពួកគេនោះទេ ដូច្នេះប្រសិនបើមិត្តរួមថ្នាក់របស់អ្នកមិនអនុញ្ញាត​ សូមកុំអាក់អន់ចិត្តអី!

10. រៀនស្គាល់ពីរបៀបការកត់ចំណាំរបស់អ្នក

វិធីខាងលើនេះសុទ្ធតែជាវិធីល្អៗដែលយើងអាចអនុវត្តបាន ប៉ុន្តែមនុស្សគ្រប់គ្នាមានវិធី និងរបៀបរៀនសូត្រខុសៗគ្នា។ អ្នកអាចសាកល្បងរាល់វិធីការកត់ត្រាផ្សេងៗ ហើយសង្កេតមើលថា តើមួយណាសាកសមនិងមានប្រសិទ្ធចំពោះអ្នកជាងគេ។ ពេលអ្នកសាកល្បងដំបូងៗ វាប្រាកដជាមានកំហុសឆ្គងបន្តិចបន្តួចហើយ ប៉ុន្តែប្រសិនបើអ្នកព្យាយាមអនុវត្តជារឿយៗ អ្នកនឹងអាចមើលឃើញពីអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ពួកវា។​

ប្រភព៖ savethestudent

No comments:

Post a Comment