Sunday, June 21, 2020

ហេតុអ្វី​បានជា​សញ្ញា​ពេទ្យ​មាន​រូបភាព​«​សត្វ​ពស់​ព័ទ្ធ​ដំបង​»?


រូបភាព​ដែល​តំណាង​ឲ្យ​វិស័យ​ពេទ្យ​មួយ​នេះ​ត្រូវបាន​គេ​ប្រើប្រាស់​សឹងតែ​នៅ​គ្រប់​ទីកន្លែង​ដែលមាន​មនុស្ស​រស់នៅ​។ វា​អាចជា​សញ្ញា​ដែល​មនុស្ស​ឧស្សាហ៍​ប្រទះឃើញ​ជាងគេ ហើយ​វា​ក៏​ជាស​ញ្ញា​ដែល​មនុស្ស​អាច​មិនសូវ​បាន​ចាប់​អារ​ម្ម​ណ៌​ពី​អត្ថន័យ​ដែល​នៅ​ពីក្រោយ​វា​ផងដែរ​។ ហេតុអ្វី​បានជា​កន្លែង​ដែល​ជួយសង្គ្រោះ​ជីវិត​មនុស្ស ឬ​មើលថែ​អ្នកមាន​ជំងឺ​បែរ​ទៅជា​មាន​សញ្ញា​នៃ​សត្វ​ពស់ ដែលជា​សត្វ​ពោរពេញ​ទៅដោយ​ពិស​កាច់​សាហាវ​ទៅវិញ​?
សញ្ញា​នេះ​មាន​ប្រវត្តិ​ចេញពី​រឿងនិទាន​តាំងពី​សម័យ​ក្រិ​ក​បុរាណ​មកម្ល៉េះ​។ គេហទំព័រ livescience.com បាន​បញ្ជាក់ថា រូបភាព​នៃ​សត្វ​ពស់​នេះ​មាន​ទម្រង់​ចំនួន​ពីរ​ខុសគ្នា​។ ទម្រង់​ទីមួយ​បង្ហាញ​ពីស​ត្វ​ពស់​ចំនួន​ពីរ​ក្បាល ជាមួយ​ដំបង និង​ស្លាប​នៅ​ខាងលើ​ដែលមាន​ឈ្មោះថា​«Caduceus»​។ ទម្រង់​ទី​ពីរ​គឺ​មានតែ​សត្វ​ពស់​ចំនួន​មួយ​ក្បាល និង​ដំបង​ទេ មាន​ឈ្មោះថា​«Rod of Asclepius»​។

​រូប​ទីមួយ ឬ Caduceus បាន​ដំណាល​ថា Hermes គឺជា​ព្រះ​អូ​ឡាំ​ពិ​ចរ​បស់​ក្រិ​ក ដែលជា​អ្នក​នាំសារ​រវាង​ក្រុមព្រះ និង​មនុស្ស (​តំណាង​ដោយ​រូប​ស្លាប​) និង​ជា​អ្នក​នាំ​ផ្លូវ​ទៅកាន់​ពិភព​ខាងក្រោម (​តំណាង​ដោយ​រូប​ដំបង​)​។ Hermes ក៏​ជា​អ្នក​ជួយ​មើលថែរ​អ្នកដំណើរ​ផងដែរ ដែលមាន​ភាព​ពាក់ព័ន្ធ​ជាមួយនឹង​ថ្នាំពេទ្យ​។

​នេះ​គឺ​ដោយសារតែ​ក្នុងសម័យ​បុរាណ គ្រូពេទ្យ​ត្រូវធ្វើ​ដំណើរ​ឆ្ងាយ​ដោយ​ជើង​ដើម្បី​ទៅ​ព្យាបាល​អ្នកជំងឺ​។ ការនិទាន​ខ្លះ​បាន​ដំណាល​ថា Hermes ទទួល​ដំបង​ពី​ព្រះ Apollo ។ ចំណែកឯ​ការនិទាន​ខ្លះទៀត​បាន​និយាយថា Hermes បានទទួល​ដំបង​នេះ​ពី Zeus (​ដែលជា​ស្តេច​នៃ​ព្រះ​)​។ ដំបូង​ឡើយ ដំបង​ត្រូវបាន​រុំ​ដោយ​ខ្សែ​កំណាត់​ពីរ ដែល​ខ្សែ​កំណាត់​នោះ​ត្រូវបាន​ផ្លាស់ប្តូរ​មកជា​សត្វ​ពស់​វិញ​។ នេះ​គឺ​ដោយសារតែ Hermes បាន​យក​ដំបង​របស់គាត់​ទៅ​ញែក​សត្វ​ពស់​ពីរ​ក្បាល​ដែល​កំពុង​ឈ្លោះ​គ្នា តែ​សត្វ​ពស់​នោះ​បែរជា​មក​រុំ​ព័ទ្ធ​ដំបង​របស់គាត់​វិញ​។

​រូប​ទី​ពីរ ឬ Rod of Asclepius គឺជា​ដំបង​របស់ Asclepius (​ពាក់កណ្តាល​មនុស្ស ពាក់កណ្តាល​ព្រះ​) ដែលជា​កូន​របស់​ព្រះ Apollo និង​ម្ចាស់​ក្ស​ត្រី Coronis ដែលជា​មនុស្ស​ធម្មតា​។ សម្រាប់​ក្រិ​ក Asclepius គឺជា​អ្នកដំណាង​ឲ្យ​«​ថ្នាំ​ព្យាបាល​»​។ គាត់​អាច​ព្យាបាល​មនុស្ស​មាន​ជំងឺ ថែមទាំង​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ប្រែជា​មានជីវិត​វិញ​។ ការនិទាន​មួយ​បាន​និយាយថា Zeus បានសម្លាប់ Asclepius ដោយសារ Asclepius អនុវត្ត​ខុសច្បាប់​ធម្មជាតិ​ដោយ​ជួយ​មនុស្ស​ស្លាប់​មក​រស់រានមានជីវិត​វិញ​។ ការនិទាន​មួយទៀត​និយាយថា Zeus បានសម្លាប់ Asclepius ដោយសារតែ Asclepius បាន​ដោះដូរ​លុយ​ដើម្បី​ឲ្យ​នរណា​គេ​ម្នាក់​ចាប់ជាតិ​ឡើងវិញ​។ ក្រោយពី​សម្លាប់​ហើយ Zeus បានដាក់ Asclepius ទៅក្នុង​តារានិករ​មួយ​មាន​ឈ្មោះថា «Ophiuchus» ឬ «The Serpent Bearer» ដែល​ពាក្យ «Serpent» មានន័យ​ទាក់ទង​ជាមួយនឹង​សត្វ​ពស់​។

​ក្រិ​ក​បុរាណ​គោរព​សត្វ​ពស់​ក្នុង​ជំនឿ​ពួកគេ ដោយ​ប្រើប្រាស់​សត្វ​ពស់​នៅក្នុង​ការព្យាបាល​បែប​ជំនឿ​មួយចំនួន​ដើម្បី​ឧទ្ទិស​ទៅដល់ Asclepius ។ គេ​គិតថា​ពិស​របស់​សត្វ​ពស់​អាច​យកមកប្រើ​ប្រាស់​ជា​ថ្នាំ​ព្យាបាល​។ ចំណែក​ឯកា​រសក​ស្រការ​របស់​វា​តំណាង​ឲ្យ​ការកើត​ឡើងវិញ​នៃ​ជីវិត​៕


No comments:

Post a Comment