Wednesday, February 22, 2017

គន្លឹះ​ក្នុង​ការ​បង្កើន​សមត្ថភាព​និយាយ​ជា​សាធារណៈ (Public speaking skills)

តើអ្វីទៅជាជំនាញនិយាយជាសាធារណៈ?

Speaking
រូបតំណាង
ជំនាញនិយាយជាសាធារណៈដែលភាសាអង់គ្លេសហៅថា Public Speaking Skills គឺជាសមត្ថភាពមួយក្នុងការបង្ហាញគំនិតឬអ្វីមួយដែលអ្នកចង់បង្ហាញទៅកាន់ក្រុមមនុស្សឬក៍អតិថិជនរបស់អ្នក។ ជំនាញនេះគឺមានសារៈសំខាន់ណាស់ចំពោះអ្នកដែលធ្វើការក្នុងវិស័យផ្សេងៗគ្នាដូចជាក្នុងវិស័យជំនួញ នយោបាយ ក្រុមហ៊ុនសហគ្រាស។ល។ដែលតំរូវឲ្យអ្នកធ្វើការនិយាយជាចាំបាច់។

សំរាប់អ្នកជំនាញ (Professionals) ជំនាញនិយាយជាសាធារណៈអាចជួយឲ្យពួកគេអាចបង្ហាញពីគំនិតរបស់ពួកគេបានយ៉ាងល្អទៅកាន់ទស្សនិកជនដែលជាទូទៅមានចំនួនច្រើន។ យ៉ាងណាមិញសារៈសំខាន់របស់ជំនាញនិយាយជាសាធារណៈសំរាប់សិស្សានុសិស្សក៏មិនគួរមើលរំលងផងដែរ។ ជាការពិតណាស់ជំនាញនេះអាចជួយឲ្យអ្នកយកឈ្នះទំនុកចិត្តរបស់អ្នកដទៃដែលជាចុងក្រោយអាចជួយឲ្យអ្នកឬក្រុមហ៊ុនរបស់អ្នកទទួលបានផលប្រយោជន៍។ជំនាញនិយាយជាសាធារណៈនេះ បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងភាពជោគជ័យរបស់បុគ្គលដ៏មានឥទ្ធិពលនានានៅជុំវិញពិភពលោក។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏មានមនុស្សមួយចំនួនធំហាក់ដូចជាមិនទាន់ដឹងពីវិធីសាស្រ្តដើម្បីជួយឲ្យពួកគេអាចបង្កើននូវជំនាញនេះបាននៅឡើយទេ។
បើតាមការស្រាវជ្រាវបានរកឃើញថាមានមនុស្សមិនតិចទេដែលមានអារម្មណ៍ភ័យខ្លាចនៅពេលដែលតំរូវឲ្យពួកគេនិយាយឬក៏ធ្វើបទបង្ហាញជាសាធារណៈ។ វិធីសាស្រ្តដើម្បីធ្វើឲ្យជំនាញនិយាយជាសាធារណៈរបស់អ្នកមានភាពប្រសើរឡើងដែលនឹងលើកយកមកបកស្រាយក្នុងអត្ថបទនេះនឹងជួយតម្រង់ទិសឲ្យអ្នកដើរលើផ្លូវមួយដែលអាចជួយឲ្យអ្នកសំរេចនូវក្តីសុបិន្តមួយដើម្បីឲ្យក្លាយជាបុគ្គលម្នាក់លែងខ្លាចក្នុងការនិយាយជាសាធារណៈ។ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនក្នុងការនិយាយជាសាធារណៈដែលខ្ញុំបាទបានសិក្សា ក៏ដូចជាអនុវត្តដោយផ្ទាល់ក្នុងការនិយាយជាសាធារណៈនាពេលកន្លងមក។ សង្ឃឹមថាប្រិយមិត្តអ្នកអានទាំងអស់នឹងទទួលបានចំណេះដឹងទាក់ទងនឹងជំនាញនេះ ហើយបើសិនជាមានភាពខ្វះខាតឬលើសលោះដោយប្រការណាមួយមិនសមរម្យនោះ សូមមេត្តាអធ្យាស្រ័យដោយអនុគ្រោះផងចុះ ដោយថាបទពិសោធន៍នៅក្មេងខ្ចីតែអាស្រ័យដោយហេតុចង់ចែករំលែកចំណេះដឹងដែលមានបន្តិចបន្តួច មិនចង់ទុកឲ្យកប់ចាល ចែកជូនដល់បងប្អូនអ្នកសិក្សាទាំងអស់គ្នា។
គន្លឹះក្នុងការបង្កើនសមត្ថភាពនិយាយជាសាធារណៈ
សង្កេតមើលពីរបៀបនិយាយរបស់បុគ្គលដែលពូកែធ្វើបទបង្ហាញ
បើតាមប្រសាសន៍របស់លោក សូអ៊ីជីរ៉ូ ហុងដា ដែលជាស្ថាបនិករបស់ក្រុមហ៊ុនហុងដាដ៏ល្បីឈ្មោះរបស់ប្រទេសជប៉ុន មនុស្សដែលជោគជ័យភាគច្រើនជាមនុស្សដែលចេះសិក្សារៀនសូត្រពីអ្នកដែលនៅជុំវិញខ្លួន ហើយប្រើប្រាស់នូវអ្វីដែលគេបានរៀននោះដើម្បីអភិវឌ្ឍខ្លួនឯងឲ្យជោគជ័យ។ជាការពិតណាស់ មនុស្សម្នាក់អាចសិក្សាបានច្រើនណាស់បើសិនជាគេនោះមានជំនាញក្នុងការសង្កេត (Good Observation Skills)។ អាចនឹងមានមនុស្សជាច្រើនណាស់នៅជុំវិញខ្លួនអ្នកដែលបានយល់ដឹង ឬក៏មានសិល្បៈក្នងការនិយាយជាសាធារណៈរួចទៅហើយ ដូច្នេះអ្នកគួរតែសង្កេតមើលថាតើពួកគេនិយាយឬមួយធ្វើដូចម្តេចនៅចំពោះមុខសាធារណៈជនទើបឥរិយាបទរបស់ពួកគេមើលទៅប្រកបដោយភាពមានទំនុកចិត្តលើខ្លួនឯង។ បើសិនជាមានឱកាស អ្នកគប្បីចូលទៅនិយាយលេងសំនេះសំណាលជាមួយពួកគេ ហើយសុំជាយោបល់របស់ពួកគេថាធ្វើយ៉ាងម៉េចទើបអាចមានជំនឿជាក់លើខ្លួនឯងមានសុទិដ្ឋិនិយមឬក៏មានជោគជ័យក្នុងជីវិតជាដើម។រៀនពីចម្លើយនិងដំបូន្មានរបស់ពួកគេដើម្បីភាពជោគជ័យរបស់អ្នក។
បង្កើនសមត្ថភាពភាសារបស់អ្នកឲ្យមានភាពល្អប្រសើរ
*ភាសាសំដៅទៅលើភាសាដែលអ្នកលើកមកនិយាយ។ បើអ្នកនិយាយជាភាសាជាតិអ្នកត្រូវស្ទាត់ជំនាញភាសាជាតិរបស់អ្នក តែបើអ្នកនិយាយជាភាសាបរទេស អ្នកត្រូវពង្រឹងភាសាបរទេសនោះឲ្យបានស្ទាត់ជំនាញ។
ដំបូន្មានដ៏ល្អប្រសើរមួយដើម្បីអភិវឌ្ឍជំនាញនិយាយជាសាធារណៈរបស់អ្នកគឺថាធ្វើយ៉ាងណាត្រូវបង្កើនសមត្ថភាពភាសារបស់អ្នកជាមុនសិន។ បើសិនជាអ្នកមិននិយាយភាសាបានល្អឬស្ទាត់ជំនាញទេ អ្នកប្រហែលជាមិនអាចទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដែលកំពុងតែស្តាប់អ្នកនោះទេ ដូចេ្នះហើយសមត្ថភាពប្រើប្រាស់ភាសាគឺមានសារៈសំខាន់ណាស់ក្នុងការជួយឲ្យអ្នកទទួលបានជោគជ័យ។ ប៉ុន្តែអ្នកគួរចងចាំថាការរៀនភាសាគេមិនមែនងាយស្រួលនោះទេ វាទាមទារពេលវេលា និងការព្យាយាមប្រឹងប្រែង និយាយរួមគ្មាននរណាម្នាក់អាចរៀនចេះភ្លាមៗក្នុងរយៈពេលមួយពព្រិចភ្នែកបាននោះទេ អញ្ចឹងហើយបើសិនជាអាច ចូរអ្នកធ្វើការអនុវត្តឲ្យបានច្រើន ដូចដែលប្រយោគមួយរបស់ភាសាអង់គ្លេសនិយាយថា “Practice makes perfect” ឬក៏ការអនុវត្តជួយឲ្យមានភាពល្អប្រសើរ។
បង្កើនទំនុកចិត្តលើខ្លួនឯង
វាជារឿងធម្មតាទេដែលថា នៅពេលណាអ្នកមានជំនឿជាក់លើខ្លួនឯងហើយនោះ អ្នកប្រាកដជាមានកំលាំងចិត្ត និងភាពក្លាហានក្នុងការបញ្ចេញសមត្ថភាពរបស់អ្នកបានយ៉ាងល្អ។ ផ្ទុយទៅវិញ បើសិនជាអ្នកនៅមានភាពស្រពេចស្រពិល ឬក៏មិនមានទំនុកចិត្តលើខ្លួនឯងទេនោះ បើទោះបីជាអ្នកមានចំនេះដឹង ឬបានរៀបចំខ្លួនទុកជាមុនយ៉ាងណាក៏ដោយ អ្នកនឹងមិនអាចបង្ហាញឲ្យអស់ពីសមត្ថភាពរបស់អ្នកបានដែរ។ អាស្រ័យហេតុនេះ អ្នកគួរតែមានសុទិដ្ឋិនិយមលើសមត្ថភាពរបស់ខ្លួនឯង និងផ្តោតអារម្មណ៍លើអ្វីដែលអ្នកត្រូវនិយាយវិញដើម្បីរកវិធីសាស្រ្តយ៉ាងណាធ្វើឲ្យការនិយាយរបស់អ្នកទទួលបានចំណាប់អារម្មណ៍ពីទស្សនិកជន ជាជាងគិតថាតើពួកគេនឹងមានប្រតិកម្មយ៉ាងណាចំពោះអ្វីដែលអ្នកត្រូវនិយាយ។
រៀបចំខ្លួនឲ្យបានរួចរាល់សំរាប់ការនិយាយរបស់អ្នក
មានឃ្លាមួយសរសេរថា “បើអ្នកបរាជ័យក្នុងការត្រៀមខ្លួនទុកជាមុន គឺស្មើនឹងត្រៀមខ្លួនទុកជាមុនក្នុងការបរាជ័យ”។ មិនខុសគ្នានោះទេ ក្នុងការនិយាយជាសាធារណៈការរៀបចំខ្លួនទុកជាមុនមានសារៈសំខាន់មែនទែន ព្រោះទោះបីជាអ្នកជាមនុស្សមានទំនុកចិត្តលើខ្លួនឯងក៏ដោយ តែបើមិនដឹងថាអ្នកត្រូវនិយាយពីអ្វីនោះទេ អ្នកប្រាកដគឺជាមិនអាចធ្វើបានល្អនោះទេ។ ដូច្នេះហើយអ្នកត្រូវតែធ្វើការសិក្សាស្រាវជ្រាវទៅលើប្រធានបទដែលត្រូវលើកមកនិយាយ និងព្យាយាមឈ្វេងយល់ឲ្យបានច្បាស់ជាមុន ជៀសវាងនិយាយមិនដឹងក្បាលមិនដឹងកន្ទុយ ដែលមិនត្រឹមតែធ្វើឲ្យអ្នកសា្តប់មិនយល់ ថែមទាំងធុញទ្រាន់នឹងអ្វីដែលអ្នកកំពុងនិយាយទៀតផង។ មួយវិញទៀត បើសិនជាអ្នកលើកយកព័ត៌មានមិនពិត ឬក៏មិនត្រឹមត្រូវមកនិយាយ វាអាចនឹងធ្វើឲ្យទស្សនិកជនបាត់បង់ជំនឿជាក់មកលើអ្នក។ ហើយត្រូវចង់ចាំថាគ្មានអ្វីអាក្រក់ជាងនេះទៀតទេ។
ជាសរុបមកបើអ្នកចង់សំរេចបានអ្វីមួយអ្នកត្រូវខិតខំប្រឹងប្រែង ព្រោះថាបទពិសោធន៍ល្អៗមិនមែនកើតចេញពីការខិតខំប្រឹងប្រែងមួយពព្រិចភ្នែកនោះទេ។ សង្ឃឹមថាអ្នកទាំងអស់គ្នាបានទទួលនូវចំណេះដឹងល្អៗមួយចំនួនបន្ទាប់ពីបានអានអត្ថបទមួយនេះចប់។

No comments:

Post a Comment