Sunday, February 19, 2017

រោគសញ្ញា «ជំងឺទឹកនោមផ្អែម» ដំណាក់កាលដំបូង


ជំងឺទឹកនោមផ្អែមជាជំងឺគួរឲ្យបារម្ភ​ ដែលបង្កផលវិបាកដល់ការរស់នៅ និងបញ្ហាសុខភាពច្រើនយ៉ាង រហូតដល់ជីវិតទៀតក៏មាន។ ហេតុនេះហើយចាំបាច់ យើងត្រូវមានការប្រុងប្រយ័ត្ន និងស្វែងយល់ពីប្រភេទជំងឺនេះឲ្យបានហ្មត់ចត់ និងអាចកត់សម្គាល់ដោយខ្លួនឯងបាន ថាតើរាងកាយរបស់យើងមានបញ្ហាទឹកនោមផ្អែមឬអត់។

ដើម្បីជាទុននៃការចែករំលែក យើងសូមបង្ហាញពីរោគសញ្ញាងាយៗ ដែលអ្នកអាចសម្គាល់ដោយខ្លួនឯងបាន ជាពិសេសនៅពេលរាងកាយចាប់ផ្ដើមចេញរោគសញ្ញា។ ការសម្គាល់បានទឹកនោមផ្អែមនៅដំណាក់កាលដំបូងបង្កលក្ខណៈងាយស្រួល ក្នុងការព្យាបាល និងការពារផលវិបាកធ្ងន់ធ្ងរទៅពេលក្រោយ ដែលអាចឈានទៅប៉ះពាល់ដល់តម្រងនោម ឬជំងឺបេះដូងទៀត។ ជំងឺទឹកនោមផ្អែម ជាទូទៅអាចទប់ស្កាត់បានដោយប្រើថ្នាំពេទ្យ និងទម្លាប់នៃការរស់នៅ បែបនេះទើបមិនប៉ះពាល់ដល់អាយុជីវិត។
ខាងក្រោមនេះជារោគសញ្ញាគោលៗមួួយចំនួន ដែលបង្ហាញថាអ្នកមានជំងឺទឹកនោមផ្អែម៖
១.បត់ជើងតូចញឹកញាប់
នៅពេលមានជំងឺទឹកនោមផ្អែម រាងកាយខ្វះសមត្ថភាពក្នុងការបញ្ជូន និងប្រើប្រាស់ជាតិស្ករ ទទួលបានពីអាហារដែលបរិភោគ។ ការនេះបណ្ដាលឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្លាំង។ ដើម្បីឆ្លើយតបនឹងការឡើងជាតិស្ករនេះ រាងកាយព្យាយាមបណ្ដេញជាតិស្ករចេញវិញតាមរយៈទឹកនោម ហេតុនេះបានជាអ្នកជំងឺនោមញឹកញាប់។


២.ស្រេកទឹកខុសពីធម្មតា
ទាក់ទងទៅនឹងការបត់ជើងតូចញឹកញាប់ រាងកាយក៏ត្រូវការទឹកមកបំពេញបន្ថែមវិញ ព្រោះបាត់បង់ជាតិទឹកច្រើន។ ការនេះអាចសម្គាល់បានយ៉ាងងាយ នៅពេលអ្នកញ៉ាំទឹកយ៉ាងណាក៏នៅតែមិនបាត់ស្រេកសោះ។ ជាដំបូន្មាន អ្នកជំងឺទឹកនោមផ្អែមមិនគួរញ៉ាំភេសជ្ជៈជាតិសូដា និងជាតិស្ករច្រើនទេ ព្រោះគ្រឿងទាំងនេះនឹងជម្រុញឲ្យនោមកាន់តែញឹកញាប់ និងស្រេកទឹកកាន់តែខ្លាំងដែលជាលទ្ធផលតម្រងនោមជាអ្នករ៉ាប់រងកិច្ចការដ៏មមាញឹកនេះ។


៣.ឃ្លានមិនបាត់ អារម្មណ៍មួរម៉ៅ និងឆាប់ប្រែប្រួល
បញ្ហាស្ថិតត្រង់ថា រាងកាយមិនអាចបំលែងជាតិស្ករពីអាហារ ជាថាមពលជួយដល់រាងកាយបានទេ ដូចនេះ ថាមពលសម្រាប់ផ្គត់ផ្គង់ដល់ខួរក្បល ក៏ខ្វះខាតទៅតាមនោះដែរ។ នៅពេលខួរក្បាលមិនមានថាមពល នោះអារម្មណ៍ប្រែជាមិនល្អ ហើយថាមពលក៏ខ្សោយធ្វើឲ្យឃ្លានចង់ញ៉ាំមិនឈប់។


៤.ស្រកទម្ងន់ដោយមិនបាច់ប្រឹង
នេះជាសញ្ញាប្រាប់ថា រាងកាយបំពេញមុខងារមិនបានល្អ មិនដូចប្រក្រតី ពោលគឺអាហារដែលបរិភោគចូលទៅ មិនត្រូវបានបញ្ជ្រាបសារធាតុចិញ្ចឹមមកដល់រាងកាយ ហើយជាតិស្ករគ្លុយកូសបែរជាបញ្ចេញចោលតាមទឹកនោម។ រាងកាយនឹងទទួលអារម្មណ៍ឃ្លាន ហើយចាប់ផ្ដើមប្រើប្រាស់ប្រូតេអ៊ីនពីសាច់ដុំមកបំពេញកាឡូរីដែលខ្វះ ជាលទ្ធផលគឺធ្វើឲ្យស្រកទម្ងន់។


៥.របួសមិនសះ
តើអ្នកមានបញ្ហានេះដែរឬទេ ដោយគ្រាន់តែមុតដៃបន្តិចសោះ យូរហើយមិនទាន់ជាសះទៀត? ជាតិស្ករដែលសល់ច្រើនក្នុងឈាមបណ្ដាលឲ្យសរសៃឈាមខូច។ ជាទូទៅ នៅពេលមានស្នាមដាច់រលាត់ ឈាមនឹងកកនៅមុខរបួស និងចាប់ផ្ដើមជាសះបណ្ដើរៗ ប៉ុន្តែបើមានជំងឺទឹកនោមផ្អែមសរសៃឈាមប្រែជាខូច ដូចនេះការផ្សះមុខរបួសក៏មានល្បឿនយឺតជាងប្រក្រតីដែរ។


ជារួមមក រោគសញ្ញាទាំងនេះ មិនពិបាកនឹងសម្គាល់នោះទេ ប៉ុន្តែសូមកុំបារម្ភពីព្រោះជំងឺទឹកនោមផ្អែមពុំមែនជាជំងឺឆ្លង ឬឆាប់កើតភ្លាមៗនោះទេ។ ប្រសិនបើអ្នកមានទម្លាប់ថែរក្សាសុខភាពជាប្រចាំ ញ៉ាំតែអាហារសុខភាព ហាត់ប្រាណ និងឧស្សាហ៍ទៅពិនិត្យសុខភាព នោះលទ្ធផលបង្ការទប់ស្កាត់ក៏ច្រើនទៅតាមនោះដែរ។

No comments:

Post a Comment