Sunday, May 24, 2020

រុក្ខជាតិ ដែលសត្វពស់ឃើញហើយ ខ្លាច មិនហ៊ានវារចូលជិត ប្រញាប់ដាំនៅក្នុងផ្ទះអ្នកជាបន្ទាន់ (មានវីដេអូ)


ប្រសិនបើសួរថា តើអ្នកខា្លចសត្វពស់ដែរឬទេ? ចម្លើយចេញមក៩៩ភាគរយ គឺខ្លាចខ្លាំងណាស់។ ចុះបើចៃដន្យមានពិស ឬសត្វពស់បានលូនចូលទៅក្នុងផ្ទះរបស់អ្នក តើអ្នកនឹងធ្វើយ៉ាងណា?

ជាធម្មតានៅក្នុងរដូវវស្សា ពេលដែលមានភ្លៀងធ្លាក់មកខ្លាំងម្តងៗ ក្រៅពីកង្វល់ពីរឿងទឹកលិច និងទឹកហូរចូលមកក្នុងផ្ទះហើយ ប៉ុន្តែរឿងដែលគួរឱ្យព្រួយបារម្ភខ្លាំងជាងនេះទៅទៀតនោះគឺសត្វធាតុដែលផ្អើលពីសំបុក។

ជាក់ស្តែង ពេលដែលមានភ្លៀងធ្លាក់ខ្លាំង ឬមានទឹកជំនន់កើតឡើង សត្វមានពិសនានាដូចជា ក្អែប ខ្ទួយ ពីងពាង ខ្យាដំរី នោះទេ វាតែងតែផ្អើល និងគេចខ្លួនពីជម្រករបស់ខ្លួន ស្វែងរកទីតាំងមានសុវត្ថិភាពផុតពីទឹកដូចជាមនុស្សយើងដែរ។

ជាពិសេស គឺសត្វអ្នកត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់នោះគឺ សត្វពស់ដែលវាចូលមកក្នុងផ្ទះផងដែរ។ ដូច្នេះអ្នកត្រូវមានមធ្យោបាយដ៏ល្អប្រសើរបំផុត នៅក្នុងការការពារពស់មិនឱ្យចូលផ្ទះ។ នោះគឺ អ្នកគួរដាំដើមឈើ និងប្រទាលមួយចំនួននៅក្នុងផ្ទះ ដើម្បីការពារ និងក៏ដូចជាលម្អនៅក្នុងគេហដ្ឋានផងដែរ។

ជួបជាមួយនឹងអ៊ំស្រីម្នាក់ ដែលជាអ្នកស្រុក ប៉ុន្តែគាត់មានចំណូលចិត្តនៅក្នុងការដាំដើមឈើ និងប្រទាលជាច្រើនមុខនៅជុំវិញផ្ទះ ជាពិសេសនោះគាត់ក៏ជាមនុស្សម្នាក់ដែលមានចំណេះដឹងរឿងរុក្ខជាតិនេះផងដែរ។

លើសពីនេះអ៊ំស្រី សុខគាន់ ក៏បានប្រាប់ពីរុក្ខជាតិ និងប្រទាលមួយចំនួន ដែលសត្វពស់ឃើញហើយវាខ្លាចមិនហ៊ានចូលនៅជិត ឱ្យក្រុមការងារយើងបានដឹងដូច្នេះថា៖

១) ដើមក្រូចសើច៖ ក្រូចសើចគឺជាដើមរុក្ខជាតិម្យ៉ាង ដែលប្រជាពលរដ្ឋខ្មែរយើងនិយមដាំនៅក្នុងបរិវេណផ្ទះជានិច្ច ព្រោះវាគឺដើមថ្នាំឱសថបុរាណពីធម្មជាតិ អាចយកមកព្យាបាលជំងឺ ជួយឱ្យមានសុខភាពល្អ។ ជាពិសេស គឺក្លិនរបស់ក្រូចសើចទាំងស្លឹក និងសម្បកផ្លែក្រូចសើច ក៏អាចយកទៅចម្អិនម្ហូបអាហារបានយ៉ាងងាយ និងមានរសជាតិឈ្ងុយឆ្ងាញ់ខ្លាំងទៀតផង។

ក្រៅពីអត្ថប្រយោជន៍ទាំងអស់នេះហើយ ក្រូចសើចក៏អាចបណ្តេញពស់ឱ្យចេញឆ្ងាយបានដែរ ពីព្រោះពស់ចាញ់ក្លិនក្រូចសើចនេះយ៉ាងខ្លាំង ពេលមានក្លិនរុក្ខជាតិនេះនៅទីណាគឺវាមិនហ៊ានចូលទៅជិតនោះទេ។

ចាស់ៗសម័យមុន និងបច្ចុប្បន្ននេះ ភាគច្រើនតែងយកស្លឹក សម្បក និងផ្លែក្រូចសើចទៅបោះចូលនៅក្នុងកន្លែងនានាដូចជា នៅក្បែរៗរបងផ្ទះ ក្នុងគំនរអុស ឬទីងងឹតដែលពស់អាចលាក់ខ្លួនបានជាដើម ដើម្បីបណ្តេញវាឱ្យចេញឆ្ងាយ។

ហើយភាគច្រើនក្រូចសើចក៏ត្រូវបានគេដឹងជាទូទៅផងដែរថា សត្វពស់ខ្លាចរុក្ខជាតិនេះលេខមួយហើយ។

ដើមក្រូចសើច

២) ស្លឹកគ្រៃ៖ ស្លឹកគ្រៃក៏ជាឱសថ និងជាស្លឹករុក្ខជាតិម្យ៉ាង ដែលគេនិយមប្រើជំនួយដល់ការផ្សំរសជាតិ និងបន្ថែមក្លិនដល់អាហារឱ្យបានឈ្ងុយឆ្ងាញ់ផងដែរ។ ហើយក្រៅពីមានប្រយោជន៍ទាំងនេះហើយ ក្លិនរបស់ស្លឹកគ្រៃ ក៏សត្វពស់មិនចូលចិត្តដែរ។ ហើយឱ្យតែកន្លែងណាមានក្លិន ឬដើមស្លឹកគ្រៃ គឺវាមិនហ៊ានទៅជិតនោះទេ។

ជាពិសេសនោះគឺស្លឹកគ្រៃ ក៏អាចធ្វើឱ្យពស់ខ្លាចយ៉ាងខ្លាំង ព្រោះស្លឹកវាអាចមុតខ្លួនពស់បាន ប្រសិនបើវាហ៊ានតែចូលទៅក្បែរ។ ហេតុនេះបើអ្នកដាំស្លឹកគ្រៃទុកនៅកៀនៗផ្ទះ ឬក្នុងសួនច្បារ ឬក្បែររបងផ្ទះនោះ ដូចនេះគឺសត្វពស់ច្បាស់ជាមិនហ៊ានវាចូលទៅជិតនោះទេ ព្រោះវាខ្លាចមានគ្រោះថ្នាក់ដល់ខ្លួន។

ស្លឹកគ្រៃ
៣) ប្រទាលលំពែងនាគរាជ៖ រូបរាងរបស់ប្រទាលនេះ មានសណ្ឋានធំស្រួច ហើយដុះត្រង់ឡើងទៅលើ និងដុះស្របៗគ្នាថែមទៀតផង។ ប្រទាលនេះក៏មានលក្ខណៈសម្បតិ្តយ៉ាងពិសេសដល់អ្នកដាំ ព្រោះវាអាចនាំសិរីសួស្តីជ័យមង្គលចូលផ្ទះបានផងដែរ។ ទន្ទឹមនឹងនេះដែរ ដោយសារតែមានលក្ខណៈពិសេសពីធម្មជាតិដូច្នេះហើយ ទើបបានជាសត្វពស់ពិបាកនៅក្នុងការការវារឆ្លងកាត់ណាស់ ព្រោះវារអិលដូចជាខ្លួនពស់ដែរ។ បើពស់ចង់វារឆ្លងកាត់ក៏ពិបាកដែរ ស្រួលមិនស្រួលវាអាចជាប់ខ្លួននៅក្នុងដើមនេះក៏អាចថាបានដែរ។

ដូច្នេះអ្នកគួរដាំវាទុកនៅរបងផ្ទះ ដើម្បីការពារសត្វពស់ និងដើម្បីជាសិរីមង្គលផងដែរ។ ប្រទាលប្រភេទនេះវាក៏ងាយនឹងដុះលូតលាស់នៅគ្រប់ទីកន្លែងទាំងអស់ មិនថាដាំដាក់នៅក្នុងសួនច្បារ នៅក្នុងផើងផ្កា ឬដាក់ដាំនៅលើដីធម្មតានោះទេ។

ប្រទាលលំពែងនាគរាជ

៤) ផ្កាស្បៃរឿង៖ គឺជារុក្ខជាតិម្យ៉ាង ដែលមានផ្កាពណ៌លឿងយ៉ាងស្រស់ស្អាត​​​ ប៉ុន្តែក្លិនរបស់ផ្កា និងដើមស្បៃរឿងវិញគឺក្រពុល ហើយមនុស្សភាគច្រើនក៏មិនសូវចូលចិត្តក្លិនរបស់ស្បៃរឿងដែរ។

ចំណែកឯសត្វពស់វិញ ក៏វាមិនចូលចិត្តក្លិនស្បៃរឿងដែរ ព្រោះវានឹងធ្វើឱ្យមានការប៉ះពាល់ទៅដល់ស្បែក ព្រមទាំងកែវភ្នែករបស់ពស់យ៉ាងខ្លាំង។ អ្នកប្រហែលជាមិនដឹងទេថាលំអងផ្កាស្បៃរឿងគឺពស់ខ្លាចបំផុត បើវាធ្លាក់ទីលើខ្លួនពស់ នោះនឹងបណ្តាលឱ្យវាខូចស្បែក និងខូចភ្នែកយ៉ាងខ្លាំង។

ដូច្នេះពស់ គឺមិនហ៊ានវារចូលនៅកន្លែងដែលមានដាំដើមផ្កាស្បៃរឿងនោះទេ ព្រោះវាខ្លាចមានគ្រោះថ្នាក់ដល់ខ្លួនឯង។ ហើយនេះ ជារឿងមួយ ដែលមនុស្សភាគច្រើន មិនដែលដឹងថាអត្ថប្រយោជន៍នៃផ្កាស្បៃរឿងនេះដល់ម្លឹង ដែលអាចបណ្តេញសត្វពស់ មិនឲ្យចូលផ្ទះបានទៀត។

ផ្កាស្បៃរឿង

៥) ដើមដំបងយក្ស៖ ធម្មជាតិរបស់សត្វពស់ គឺខ្លាចបន្លាជាទីបំផុត ហើយវាតែងនៅឆ្ងាយពីរុក្ខជាតិ ឬកន្លែងដែលមានបន្លាជានិច្ច។ ដូច្នេះដើមឈើដែលមានបន្លា គឺជាសត្រូវមួយដ៏ធំរបស់សត្វពស់។ ដូច្នេះបើអ្នកមិនចង់ឱ្យមានសត្វពស់នៅកន្លែងណាមួយ អ្នកគួរដាំដើមរុក្ខជាតិដែលមានបន្លាច្រើនៗគឈជាការស្រេច។

ក្នុងនោះដែរអ៊ំស្រីបន្ថែមថា គួរយកដើមដំបងយក្ស ឬដើមប្រទាលដែលមានបន្លាស្រួចៗទៅដាំនៅក្បែរៗរបងផ្ទះ ដើម្បីការពារពស់មិនឱ្យលូនចូលមកក្នុងផ្ទះបាន។

ដោយក្នុងនោះដែរផ្ទះអ៊ំស្រីមានដាំដើមដំបងយក្ស និងប្រទាលមានបន្លាមួយចំនួនដូចជា ដើមប្រទាលអង្គរជុំ ប្រទាលរាសី ប្រទាលជញ្ជាំង និងប្រទាលបាតដៃជាដើម ដើម្បីការពារសត្វពោះ។ មិនតែប៉ុណ្ណោះ វាក៏អាចបណ្តេញ ខ្មោចព្រាយ បានផងដែរ។

ដើមដំបងយក្សដាំនៅរបងផ្ទះ

ប្រទាលរាសី វាមានបន្លាដែលធ្វើឱ្យពស់ខ្លាច

ប្រទាលអង្គរជុំ មានបន្លាអាចធ្វើឱ្យពស់ខ្លាច ដូចដំបងយក្សដែរ

ប្រទាលជញ្ជាំង មានបន្លាស្រួចៗនៅលើដើមរបស់វា

ប្រទាលបាតដៃ មានជ័រ និងបន្លាផងដែរ

៦) ប្រទាលពស់នាគរាជ៖ អ៊ំស្រីក៏បានបន្ថែមថា ដោយសារតែរូបរាងរបស់ប្រទាលនេះស្រដៀងទៅនឹងនាគរាជ ដែលជាហេតុធ្វើឱ្យមានការភ័យខ្លាច មិនហ៊ានចូលជិតនោះទេ។ ម្យ៉ាងវិញទៀតនៅលើខ្លួន របស់ប្រទាលនេះក៏មានបន្លា អាចបណ្តាលឱ្យមុតខ្លួនពស់បានដែរបើវាហ៊ានចូលជិតប្រទាលនេះ។

ជាការល្អបំផុតអ្នកគួរដាំប្រទាលនេះនៅក្នុងផ្ទះមើលថែឱ្យបានល្អ ព្រោះវាងាយស្រួលមើលថែរក្សា អាចដុះលូតលាស់នៅលើដី និងក្នុងផើងបានយ៉ាងងាយស្រួល។ ទន្ទឹមនឹងនេះវាក៏អាចព្យាបាលពិស ដែលបណ្តាលមកពីសត្វស្អិតខាំ ឬទិច បានយ៉ាងមានប្រសិទ្ធភាពផងដែរ មិនថាជាខ្យាដំរី ក្អែប ឬខ្ទួយនោះទេ។ ដឹងបែបនេះហើយ កុំភ្លេចដាំដើមប្រទាលពស់នាគរាជ ដាក់វានៅលើដីក្នុងផ្ទះ ឬដាំដាក់ក្នុងផើងព្យួរជាប់ជញ្ជាំង ឬបង្គោលរបងផ្ទះក៏បានដែរ។

រូបតំណាង ប្រទាលនាគរាជ

ដឹងដូច្នេះហើយនៅចាំអីទៀត ប្រញាប់ដាំនៅក្នុងផ្ទះ តាមសួនច្បារ ឬរបងផ្ទះ របស់លោកអ្នកទៅដើម្បីជួយការពារពស់លូនចូលទៅក្នុងផ្ទះ ក៏ដូចជាលម្អ​ផ្ទះឱ្យមានភាពស្រស់ស្អាត។ មិនតែប៉ុណ្ណោះក៏អាចនាំសិរីសួស្តី និងប្រើជាឱសថរុក្ខជាតិជួយព្យាបាលជំងឺសមាជិកក្នុងក្រុមគ្រួសារបានផងដែរ៕




រូបតំណាង សត្វពស់

No comments:

Post a Comment