Saturday, April 4, 2020

ប្រវត្តិពិធីឆេងម៉េង

ឆេងម៉េង ភាសាចិនហៅថា ឈីងមីង (Qing Ming) ឬភាសាអង់គ្លេសថា "Tomb Sweeping Day" សំដៅទៅលើពិធីសែនផ្នូរ ពិធីជម្រះចិត្តឲ្យជ្រះថ្លា ឬទិវាសម្អាតផ្នូរជូនដូនតា ឬឪពុកម្តាយ ដែលបានចែកឋានទៅ គឺប្រហាក់ប្រហែលទៅនឹងប្រពៃណីខ្មែរគឺ បង្សុកូលចេតិយ ឬបង្សុកូលផ្នូរ ឬធាតុជីដូនជីតា ឪពុកម្តាយ សាច់ញាតិ ដែលបានស្លាប់ទៅហើយដូច្នេះដែរ។

ឆេងម៉េង ឬសែនផ្នូរ មានប្រវត្តិដ៏យូរលង់ណាស់មកហើយក្នុងប្រទេសចិន គឺប្រមាណជាជាងពីរពាន់ឆ្នាំមកហើយ នៅក្នុងរជ្ជកាលចូវ និងត្រូវបាននាំចូលមកកាន់ប្រទេសកម្ពុជាតាមរយៈជនជាតិចិនមករស់នៅស្រុកខ្មែរ។ ជនជាតិចិន ឬអ្នកជាប់ស្រឡាយចិននិយមទៅសែនផ្នូររបស់អ្នកមានគុណ ដែលបានចែកឋានទៅក្នុងគោលបំណងបួងសួងសុំសេចក្តីសុខចម្រើន រកស៊ីមានបាន និងឡើងបុណ្យស័ក្តិ។


ប្រវត្តិពិធីឆេងម៉េងឬសែនផ្នូរ
មានរឿងដំណាលថា មានព្រះអង្គម្ចាស់មួយអង្គព្រះនាម វិន(Wen) នៃរាជវង្សចូវ និងអ្នកបម្រើឈ្មោះ ជី ហ្សីទួយ(Jie Zitui) បានរត់គេចពីសង្គ្រាមវង្វេងចូលទៅក្នុងព្រៃ។ ដោយគ្មានអាហារបរិភោគអស់ជាច្រើនថ្ងៃ និងបារម្ភខ្លាចចៅហ្វាយខ្លួនស្រេកឃ្លាន ជី ហ្សីទួយ ក៏ចៀរសាច់ភ្លៅរបស់ខ្លួនមកធ្វើម្ហូប។ ព្រះអង្គម្ចាស់ វិន សន្យាថានឹងផ្តល់រង្វាន់ដល់ ជី។

ក្រោយមកព្រះអង្គម្ចាស់ វិន បានធ្វើជាស្ដេចក៏ហៅ ជី ឲ្យទៅរស់នៅក្នុងរាជវាំង ឬក៏ផ្តល់ទ្រព្យសម្បត្តិ ឋានៈឲ្យ។ ប៉ុន្តែ ជី ដឹងថាជីវភាពក្នុងរាជវាំងមានភាពស្មុគស្មាញណាស់ ហើយបើទទួលយកទ្រព្យសម្បត្តិអ្វីពីព្រះរាជាវិន គាត់មុខជានឹងជំពាក់គុណព្រះរាជា។ ម្យ៉ាងគាត់ក៏ចង់ផ្តល់ជាគំរូដល់ជនានុជនទាំងឡាយថា ការជួយយកអាសារព្រះរាជា គឺជាកាតព្វកិច្ចរបស់មនុស្សគ្រប់រូប មិនមែនជួយក្នុងបំណងយកអ្វីមកវិញឡើយ។ ដោយហេតុនោះ ជី បាននាំម្តាយទៅរស់នៅក្នុងព្រៃភ្នំ។ ព្រះរាជា វិន បានឲ្យគេទៅតាមហៅ ជី ជាច្រើនដង ប៉ុន្តែ ជី នៅតែមិនព្រមចេញពីព្រៃ។ ព្រះរាជារឹតតែសព្វព្រះទ័យនឹងភាពមិនលោភលន់របស់ ជី និងចង់បានមនុស្សដូច ជី មកនៅជិតព្រះអង្គផង នឹកខ្ញាល់ខ្លះផង ក៏បានបញ្ជាឲ្យគេដុតព្រៃ ដែល ជី សម្ងំលាក់ខ្លួនក្នុងគោលបំណងឲ្យ ជី បង្ហាញខ្លួន។ ប៉ុន្តែជាអកុសលព្រៃបានឆេះសន្ធោរសន្ធៅរហូត ជី ចេញមិនរួច ក៏ស្លាប់ក្នុងភ្នក់ភ្លើងនោះតែម្តងទៅ។

ព្រះរាជា វិន មានវិប្បដិសារីយ៉ាងខ្លាំងចំពោះរឿងនេះ ក៏ចេញបញ្ជាឱ្យគេពូនផ្នូរ ជី នៅទីនោះ ហើយហាមអ្នកភូមិមិនឱ្យប្រើប្រាស់ភ្លើង និងបរិភោគតែអាហារត្រជាក់ចំនួនបីថ្ងៃដើម្បីកាន់ទុក្ខដល់វិញ្ញាណក្ខន្ធ ជី។

មិនតែប៉ុណ្ណោះ ព្រះអង្គបានចេញបញ្ជាឲ្យគេទៅបោសសំអាតផ្នូរ និងសែនព្រេនដល់ផ្នូររបស់ ជី ជាហូរហែជាពិសេសថ្ងៃខួបមរណៈរបស់ ជី។

តាំងពីពេលនោះមក ប្រពៃណីសែនផ្នូរដូនតាក៏ចាប់កំណើតឡើងរហូតដល់សព្វថ្ងៃ។ 


អត្ថបទ÷ ដកស្រង់ពី Rasmei Kampuchea Daily

No comments:

Post a Comment