Sunday, November 24, 2019

ប្រវត្តិរូបសង្ខេបបុគ្គលខ្មែរល្បីៗចំនួន ៦ រូប


កំពូលប្រវត្តិបុគ្គលដែលល្បីល្បាញចំនួន ៦ រូប ដែលមានប្រវត្តិជូរចត់ និងមានស្នាដៃជាច្រើនសម្រាប់កូនខ្មែរជំនាន់ក្រោយ តោះអានទាំងអស់គ្នាដូចខាងក្រោមនេះ៖

១) ប្រវត្តិសង្ខេបលោក ស៊ីន ស៊ីសាមុត



កំណើត៖ លោក ស៊ីន ស៊ីសាមុត កើតនៅថ្ងៃទី ២៣ សីហា ១៩៣២ និងស្លាប់ទៅវិញនៅថ្ងៃទី ១៨ ឧសភា ១៩៧៦ ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម។

គ្រួសារ៖ លោក ស៊ីន ស៊ីសាមុត មានបង​ប្អូន ៤ នាក់​ (ប្រុស ២ ស្រី ២) លោកតាជាកូនពៅ ហើយមានឪពុកឈ្មោះ ស៊ីន-លាង ជាឆ្មាំយាម​ពន្ឋនាគារ​នៅ​ខេត្តបាត់ដំបង និង​ជា​ទាហានបដិវដ្តន៍​ប្រឆាំង​អាណានិគម​បារាំង និងម្តាយឈ្មោះ ស៊ីន ប៊ុនលឿ ដែល​ជា​កូន​កាត់​​ឡាវ-ចិន។

ប្រវត្តិការសិក្សា៖ លោក ស៊ីន ស៊ីសាមុត បាន​ចូល​រៀន​នៅ​សាលាបឋមសិក្សាទីរួមខេត្តស្ទឹងត្រែង ពេល​អាយុ ៥ ឆ្នាំ។ ​នៅ​ឆ្នាំ ១៩៥១ បានបញ្ចប់​ការ​សិក្សា​ចំណេះ​ទូទៅ ហើយ​ក៏​បាន​បន្ត​ការ​សិក្សា​នៅ​សាលាវេជ្ជសាស្ត្រ​​នៅ​ភ្នំពេញ​ដោយ​ស្នាក់​នៅ​ជាមួយឪពុកមារបស់​​លោក។ លោក​បន្ត​ការ​សិក្សា​​វេជ្ជសាស្ត្រ​រហូត​ដល់​ចប់ និង​ចូល​បម្រើ​ការ​ងារ​នៅ​មន្ទីរពេទ្យព្រះកេតុមាលា។

ប្រវត្តិសិល្បះ៖ លោក ស៊ីន ស៊ីសាមុត កាល​អាយុ ៦ ឬ ៧ ឆ្នាំ ដោយ​​ចូល​ចិត្ត​កូតទ្រដេញ​ម៉ង់ដូលីន និង​ចាប៉ី ជា​ញឹក​ញាប់ លោក​ត្រូវ​បាន​សាលា​សុំ​ឲ្យ​លេង​ម៉ង់ដូលីន​ក្នុង​ពិធី​បុណ្យ​ផ្សេង ៗ នៅ​សាលា។ ​ទោះ​ជា​មមា​ញឹក​ការសិក្សា​សាលា​វេជ្ជសាស្ត្រ លោកតាឆ្លៀតពេលទំនេរ ដើម្បី​រៀន​ច្រៀង និង​និពន្ធ​បទភ្លេង​​ដែរ។ នៅឆ្នាំ ១៩៥១ បាន​បង្កើត​ក្រុម​តន្ត្រី​មួយ​ឈ្មោះ​ ព្រះច័ន្ទស្មី ដែលមានសមាជិក ៩ នាក់។ នៅឆ្នាំ១៩៥៣ ក្រុម​តន្ត្រី​របស់​លោក ត្រូវ​បាន​វិទ្យុ​ជាតិ​អញ្ជើញ​ឲ្យ​ចូល​ប្រគំរួម​ជាមួយ​ក្រុម​តន្ត្រី​វិទ្យុ​ជាតិ​ ឈ្មោះ រាជសីហ៍។ ១៩៦៣ បានចាប់ផ្តើមថតចម្រៀងអោយផលិតកម្មវត្តភ្នំ ហើយនៅឆ្នាំ ១៩៧១ ទូរទស្សន៍សាធារណរដ្ឋ បានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នូវបទ “ចំប៉ាបាត់ដំបង” ដែលជាបទដំបូងគេបង្អស់ ដើម្បីអបអរសាទរពិធីសម្ភោធ​ស្ថានីយ៍របស់ខ្លួន​នៅឆ្នាំ១៩៦៥។ ​លោកបានចូលរួមថត​បទចម្រៀងថ្វាយព្រះបាទនរោត្តម-សីហនុ ដូចជា បទរាត្រីដែលបានជួបភ័ក្រ និង បទភ្នំពេញ។ ១៩៦៦ លោកតា​ បានចាប់ផ្តើមថតចម្រៀង ជាមួយអ្នកស្រី ប៉ែន-រ៉ន និងឆ្នាំ ១៩៦៧ អ្នកស្រី រស់-សេរីសុទ្ធា ចាប់អាជីពសិល្បៈករជាមួយនឹងបទស្ទឹងខៀវ។ នៅក្រោយមកទៀត លោកស៊ីន ស៊ីសាមុត​ ថតអាល់ប៊ុមអោយផលិតកម្មច័ន្ទឆាយា និងផលិតកម្មហេងសេង។

២) ប្រវត្តិសង្ខេបសម្តេចព្រះ​មហាសុមេធាធិបតី​ ជួន ណាត


កំណើត៖ សម្តេចព្រះ​មហាសុមេធាធិបតី​ជួន ណាត ប្រសូត​នៅ​ថ្ងៃ​អង្គារ ​ទី​ ១១ ខែមីនា ឆ្នាំ​១៨៨៣ នៅ​ភូមិ​កំ​រៀង សង្កាត់​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ព្រះ​បិតា​នាម​ជួន ព្រះ​មាតា​នាម យក់ ។ គ្រួសារ​នេះ​មាន​បុត្រ​តែ​ពីរ​គត់​គឺ​សម្តេច និង​ឧក​ញ៉ាសោ​ភ​ណ​មន្ត្រី​ ជួន នុ​ត ។ សម្តេច ជួត ណាត បានសុគត នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ១៩៦៩ ដោយជរាពាធ។

ប្រវត្តិការសិក្សា៖ សម្តេច ជួន ណាត កាល​នៅ​​កុមារ​បាន​សិក្សា​អក្សរ និង​លេខ​ដរាប​ដល់​ជន្មាយុ​ ១៤​ ឆ្នាំ បាន​បួស​ជា​សាមណេរ នៅខែ ឧសភា ឆ្នាំ ១៨៩៧ បួសជាសាមណេរនៅវត្តពោធិព្រឹក្ស (​ហៅ​វត្ត​ពោល្យំ​) សង្កាត់​រលាំង​កែន ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល។ សម្តេច ជួន ណាត បានបួស​ជា​សាមណេរ​បាន​ពីរ​ឆ្នាំ ហើយបាន​ចូល​សិក្សា​ព្រះ​បរិយត្តិ​ធម៌​នៅ​វត្ត​ឧណ្ណាលោម ក្រុងភ្នំពេញ​ជន្មាយុ​គ្រប់​ ២១​ ឆ្នាំ បាន​ទៅ​សូម​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ ខែមិថុនា ឆ្នាំ១៩០៤។

ប្រវត្តិការងារ៖ សម្តេច ជួន ណាត ធ្វើ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​តែង​វចនានុក្រម​ខ្មែរ ដែល​ទ្រង់​ជា​លេខាធិការ​កាន់​កិច្ចការ​ផ្ទាល់ នៅឆ្នាំ ១៩១៩, ឆ្នាំ ១៩២៥ សម្តេច​ទ្រង់​បាន​ធ្វើ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ពិនិត្យ​សេចក្តី​ខុស​ត្រូវ​នៃ​សៀវភៅ​នានា​ដែល​សាលា​បាលី​ជាន់ខ្ពស់​បោះពុម្ពផ្សាយ, ឆ្នាំ១៩២៦ ជា​មេ​ប្រយោគ​ក្នុង​ការ​ប្រឡង​យក​វិញ្ញាបនបត្រ​បឋម​សិក្សា​ខ្មែរ និង​សញ្ញាបត្រ​បឋម​សិក្សា​ជាន់ខ្ពស់​បារាំង​-​ខ្មែរ នៅ​ក្រុងភ្នំពេញ, ឆ្នាំ១៩២៧ ​ជា​សមាជិក​ក្រុម​ជំនុំ​ផ្ទៀង​សម្រេច​វចនានុក្រម​ខ្មែរ ហើយបាន​ទទួល​ធ្វើ​វចនា​នុ​ក្រុម​តែ​មួយ​ព្រះ​អង្គ​ឯង​ដរាប​ដល់​បាន​ចប់​សព្វគ្រប់ បាន​បោះពុម្ពផ្សាយ​ទាំង​ភាគ​ ១ និង​ភាគ ​២, ឆ្នាំ១៩២៧ ជា​សមាជិក​នៃ​ក្រុម​អភិបាល​ជំនុំ​ផ្តាច់​ឆ្នាំ​សម្រាប់​ព្រះរាជ​បណ្ណាល័យ​កម្ពុជា, ឆ្នាំ១៩៣០ ជា​ចាងហ្វាង​រង​នៃ​សាលា​បាលី​ជាន់ខ្ពស់​ក្រុងភ្នំពេញ, ឆ្នាំ១៩៣០ ​ជា​សមាជិក​ជំនួយ​នៃ​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក​នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ​, ឆ្នាំ១៩៣២ ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ខាង​ការ​ស្រាវជ្រាវ​ជ្រើសរើស​រក​ពាក្យពេចន៍​ក្នុង​ផ្ទៃ​នៃ​កវីនិពន្ធ​ខ្មែរ​បុរាណ ដើម្បី​ប្រមូល​បញ្ចូល​ពាក្យ​ទាំងនេះ​ទៅ​ក្នុង​វចនានុក្រម​ខ្មែរ, ឆ្នាំ១៩៣៣ ​​ជា​សមាជិ​ក​នៃ​ក្រុម​ជំនុំ​ពិនិត្យ​សៀវភៅ​ដែល​ក្រសួង​សិក្សាធិការ​ជាតិ​បោះពុម្ពផ្សាយ, ឆ្នាំ១៩៣៤ ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ជ្រើសរើស​ពាក្យ​ខ្មែរ ប្រៀបធៀប​នឹង​ពាក្យ​បារាំង​សម្រាប់​ប្រើ​ក្នុង​កិច្ចការ​រាជការ, ឆ្នាំ១៩៣៥ ​ជា​សាស្ត្រាចារ្យ​បង្រៀន​ភាសាបាលី សំស្ក្រឹត ខ្មែរ និង​លាវ ប្រចាំ​ថ្នាក់​ទីបំផុត​នៃ​មធ្យមសិក្សា​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ក្រុងភ្នំពេញ, ឆ្នាំ១៩៤២ ជា​ចាងហ្វាង​នៃ​សាលា​បាលី​ជាន់ខ្ពស់ ក្រុងភ្នំពេញ (​ពុទ្ធិកវិទ្យាល័យ ព្រះ​សុរា​ម្រឹត​), ឆ្នាំ១៩៤៤ ​ជា​ចៅអធិការ​វត្ត​ឧណ្ណាលោម, ឆ្នាំ១៩៤៥ ​ជា​អធិបតី​នៃ​ថេរ​សភា​គឺ​ក្រុម​ជំនុំ​ជាន់ខ្ពស់​របស់​ព្រះសង្ឃ, ឆ្នាំ១៩៤៧ ​ជា​អនុប្រធាន​គណៈកម្មការ​វប្បធម៌ ផ្នែក​អក្សរ (​ក​) នៃ​គណៈកម្មការ​ជាតិ​ខាង​ការ​សិក្សា, ឆ្នាំ១៩៤៨ ​ជា​ប្រធាន​នៃ​គណៈកម្មការ​ធម្ម​វិន័យ ពិនិត្យ​ការ​ផ្សាយ​សៀវភៅ​សម្រាប់​សាលា​ធម្ម​វិន័យ ក្នុង​ព្រះរាជាណាចក្រ, ឆ្នាំ១៩៦១ រហូត​មក សម្តេច​ទ្រង់​ប្រោស​មេត្តា​ទទួល​និមន្ត​ពី​សមាគម​អ្នកនិពន្ធ​ខ្មែរ ធ្វើ​ជា​ប្រធាន​នៃ​ការ​សម្ភាស​អក្សរសាស្ត្រ ផ្សាយ​តាម​សំឡេង​វិទ្យុជាតិ​រាល់ថ្ងៃ​សុក្រ, ឆ្នាំ១៩៦៨ ទ្រង់​ទទួល​ព្រះ​ឋានៈ​ជា​ព្រះប្រធាន​នៃ​គណៈកម្មការ​ពិនិត្យ​ស្នាដៃ​អត្ថបទ​ផ្សាយ​ជា​រឿង​ខាង​ប្រវត្តិសាស្ត្រ​ខ្មែរ, ឆ្នាំ១៩៦៩ ជា​ព្រះប្រធាន​គណៈកម្មការ​ពិនិត្យ និង​កំណត់​អំពី​ន័យ​របស់​ទង់ជាតិ​ខ្មែរ និង១៩៦៩ ​ជា​ព្រះប្រធានគណៈកម្មការ​ពិនិត្យ និង​កំណត់​អំពី​ន័យ​របស់​ទង់ជាតិ​ខ្មែរ។

គ្រឿង​ឥស្សរិយយស៖ សម្តេច ជួន ណាត ទទួលបានមេដាយ​អស្សរឹទ្ធិ​មុនី​សារា​ភរ​ណ៍នៅឆ្នាំ ១៩១៧, ឆ្នាំ ១៩៣២ មេដាយ​អស្សរឹទ្ធិ​ព្រះរាជាណាចក្រ​កម្ពុជា, ឆ្នាំ១៩៣២ មេដាយ​អស្សរឹទ្ធិ​ដំរី​មួយ​លាន និង​ស្វេតច្ឆត្រ ប្រទេស​លាវ​, ឆ្នាំ១៩៣៧ មេដាយ​សេនា​នៃ​បណ្ឌិត្យសភា សាធារណរដ្ឋ​បារាំង, ឆ្នាំ១៩៤២ មេដាយ​អស្សរឹទ្ធិ ដឺ​ឡា​ឡេ​ស្យុ​ង ដុ​ណ្ណើ​រ នៃ​សាធារណរដ្ឋ​បារាំង, ឆ្នាំ១៩៤៤ មេដាយ​សេនា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា, ឆ្នាំ១៩៤៨ មេដាយ​សេនា​ដឺ​ឡា​ឡេ​ស្យុ​ង​ដុ​ណ្ណើ​រ នៃ​សាធារណរដ្ឋ​បារាំង​, ឆ្នាំ១៩៤៨ មេដាយ​សេនា​ដឺ​ឡា​ឡេ​ស្យុ​ង​ដុ​ណ្ណើ​រ នៃ​សាធារណរដ្ឋ​បារាំង, ឆ្នាំ១៩៦២ មេដាយ​មហា​សិរី​វឌ្ឍន៍​ព្រះរាជាណាចក្រ​កម្ពុជា, ឆ្នាំ១៩៦៣ មេដាយ​មហា​សិរី​វឌ្ឍន៍​សុ​វត្ថា​រា និងឆ្នាំ១៩៦៩ មេដាយ​ជា​តូប​ការ​ដែល​ជា​គ្រឿង​ឥស្សរិយយស​ធំ​បំផុត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

៣) ប្រវត្តិសង្ខេបលោក​ព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ


កំណើត៖ លោក​ព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ កើតនៅថ្ងៃទី ២៣ ខែ​វិច្ឆិកា ឆ្នាំ​១៩២៦ ទីកន្លែងកំនើតនៅ​ស្រុក​រាម​ (​ជំនាន់​នោះ​) ក្នុង​ខេត្ត​កំពត​ លោកតាមានកូនប្រុស​ ៣​ នាក់ និង​កូនស្រី ​៣ ​នាក់​ តែកូនប្រុស​ស្រី​ចំនួន​ ៥​ នាក់ កំពុង​តែ​រស់នៅ​ក្នុង​ប្រទេស​បារាំង ខណៈ​កូនស្រីពៅ កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ប្រវត្តិការសិក្សា៖ លោក​ព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ បាន​ទទួល​សញ្ញាបត្រ​ទុតិយភូមិ​ពី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅ​ទីក្រុង​ភ្នំពេញឆ្នាំ១៩៤៤។ឆ្នាំ១៩៤៦​ បាន​ទទួល​អាហារូបករណ៍​ទៅ​រៀន​ផ្នែក​ច្បាប់​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង បន្ទាប់ពី​សិក្សា​នៅ​ទីនោះ​ រយៈពេល​មួយ​ឆ្នាំ លោក​បាន​ប្ដូរ​ទៅ​រៀន​ផ្នែក​ស្ថាបត្យកម្ម នៅ​សាលា​វិចិត្រសិល្បៈ​មួយ​នៅ​ប៉ារីស​។ បន្ទាប់មកលោកតាបានបន្ត​សិក្សា​នៅ Arretche studio ហើយ​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ ជាមួយ​នឹង​ចំណេះដឹង និង​ទេពកោសល្យ​ដែល​មាន​ការ​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​។

ប្រវត្តិការងារ៖ លោក​ព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ ជា​ប្រធាន​ស្ថាបត្យករ​នៅ​កម្ពុជា​ឆ្នាំ១៩៥៦, ឆ្នាំ១៩៦៥-១៩៦៧ ជា​ព្រឹទ្ធបុរស​ទី​ ១​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​, ឆ្នាំ១៩៩៣ ជាទីប្រឹក្សា​របស់​រាជរដ្ឋាភិបាល​។​ លោកធ្វើការអោយ UN Human Settlements Program រយៈពេល ១០ឆ្នាំ ហើយលោកតាបានចូលបំរើការងារជារដ្ឋមន្ត្រីក្រសួងវប្បធម៌ វិចិត្រសិល្បៈ នគរូបនីយកម្ម និង សំនង់។ នៅឆ្នាំ ២០០២ ធ្វើជាប្រធាន​អាជ្ញាធរ​អប្សរា និងធ្វើជា​ឧត្តមទីប្រឹក្សា​ផ្ទាល់​របស់​ព្រះបាទ សីហនុ។

៤) ប្រវត្តិសង្ខេបលោក ញ៉ុក ថែម


កំណើត៖ លោក ញ៉ុក ថែម កើតនៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ១៩០៣ នៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ បិតាលោក ឈ្មោះ ញុំ រីឯមាតា ឈ្មោះ ហៀក ជាជាតិខ្មែរ ហើយជាកសិករនៅភូមិអូតាគី ឃុំជ្រៃស្រុក ខេត្តបាត់ដំបង តាមប្រភពមិនច្បាស់លាស់ លោក ញ៉ុក ថែម បានស្លាប់នៅឆ្នាំ ១៩៧៤។

ប្រវត្តិការសិក្សា៖ លោក ញ៉ុក ថែម មានអាយុប្រមាណ​ ១០​ ឆ្នាំ បានសិក្សា​អក្សរសាស្ត្រ​ភាសាជាតិ និង ពុទ្ធសាសនា​ក្នុង​សំណាក់​ព្រះគ្រូ​អាចារ្យ សន ដែល​ត្រូវជា​ជីតា នៅ​នាវ​ត្ត​ពោធិ​វាល សង្កាត់​សង្កែ ស្រុក​សង្កែ ខេត្តបាត់ដំបង។ អាយុ ១៥ ឆ្នាំ បួសជាសាមណេរវត្ត​ពោធិ​វាល ហើយវ័យ ​១៦ ​វស្សា បន្ត​មុខវិជ្ជា​ផ្នែក​ព្រះពុទ្ធសាសនា​នៅ​បាងកក ប្រទេស​សៀម ដោយ​ធ្វើដំណើរ​តាម​រទេះគោ​ជាមួយ​ពួក​ឈ្មួញ។ ប្រមាណ​ជា​ ១០​ ថ្ងៃ​បាន​ទៅដល់​ខេត្តប​ស្ចឹ​ម​បូរី ប្រទេស​សៀម បន្ទាប់មក​សាមណេរ​យើង​បាន​ចុះ​កប៉ាល់​បន្តដំណើរ រួច​ឡើង​រទេះភ្លើង​នៅ​ខែត្រ ប៉ែត​រិ​វ លុះ​ជិត​ព្រលប់​ទើប​ទៅដល់​ទីក្រុង​បាងកក ។ ពួក​ឈ្មួញ បាន​នាំ​សាមណេរ ញ៉ុ​ក ថែម ទៅ​ស្នាក់​សិក្សា​នៅក្នុង​វត្ត​ព្រះ​កេតុ នា​កុដិ​លោកគ្រូ មហា​យ៉ៅ​រ៍ ជា​ព្រះសង្ឃ​ខ្មែរ​១​អង្គ​ដែល​បាន​គង់នៅ​ស្រុក​សៀម​យូរ​ឆ្នាំ​មកហើយ ។ ឆ្នាំ១៩២១ ​ប្រឡង​ជាប់​ធម្ម​វិន័យ​ថ្នាក់​ត្រី, ឆ្នាំ១៩២៣ ប្រឡង​ជាប់​ធម្ម​វិន័យ​ថ្នាក់​ទោ, ហើយវ័យ ២១ វស្សា ​ជា​ភិក្ខុភាវៈ​ក្នុង​វត្ត​ព្រះ​កេតុ, ឆ្នាំ១៩២៩ ​ប្រឡង​ជាប់​ជា​ផ្លូវការ​នូវ​សញ្ញាបត្រ​មហា​ប្រាំ​ប្រយោគ ដែលជា​ថ្នាក់​ខ្ពស់បំផុត​ផ្នែក​ភាសាបាលី​, ឆ្នាំ១៩៣០ ត្រឡប់មក​មាតុប្រទេស​វិញ​ហើយ​បាន​ធ្វើជា​សមាជិក​ក្រុម​ជំនុំ​បកប្រែ​ព្រះ​ត្រៃបិដក និងឆ្នាំ១៩៣៦ បាន​លាចាក​សិក្ខាបទ។

ប្រវត្តិការងារ៖ លោក ញ៉ុក ថែម ជា​អ្នកប្រាជ្ញ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ និង ផ្នែក​ពុទ្ធសាសនា, ជា​សាស្ត្រាចារ្យ​ភាសាបាលី, អ្នកនិពន្ធ​ជា​ភាសា​ខ្មែរ បាលី ថៃ, ជា​និពន្ធ​នាយក​ទស្សនាវដ្ដី កម្ពុជសុរិយា, តំណាង​របស់​នាយិកា​ពុទ្ធសាសនបណ្ឌិត្យ, ធ្វើការ​ដើម្បី​ទាមទារ​យក​ទឹកដី​ពី​សៀម, ជាសមាជិក​ក្រុម​ការទូត​ឥណ្ឌូចិន, សមា​ជិ​ក្រុម​បកប្រែ​ព្រះ​ត្រៃបិដក​, ស្ថាបនិក​សមាគម​អ្នកនិពន្ធ​ខ្មែរ, ឆ្នាំ១៩៣៩ ​ធ្វើជា​និពន្ធ​នាយក​ទស្សនាវដ្ដី កម្ពុជសុរិយា, ដើមខែកុម្ភៈ ១៩៣៩ ធ្វើជា​ព្រះរាជតំណាង​សម្តេច​ព្រះរាជ​អយ្យកោ នរោត្តម សុធារស ព្រះអធិបតី នៃ ពុទ្ធសាសនបណ្ឌិត្យ​កម្ពុជា, ឆ្នាំ១៩៤៣ ជា​តំណាង​របស់​អគ្គលេខាធិកា​រ​ពុទ្ធសាសនបណ្ឌិត, ឆ្នាំ១៩៤៥ ជា​អ្នកការទូត​សហភាព​ឥណ្ឌូចិន បារាំង​សេស​នៅ​ព្រៃនគរ និងជា​អ្នកបកប្រែ​ភាសា​ថៃ​-​បារាំង​-​ខ្មែរ ក្នុង​វិទ្យុ​នៃ​ក្រុង​នោះ​ ដើម្បី​ទាមទា​ដែនដី​បាត់ដំបង និង សៀមរាប ពី​សៀម​មកឱ្យ​ខ្មែរ​វិញ, ឆ្នាំ១៩៤៦ ធ្វើការ​នៅ​ពុទ្ធសាសនបណ្ឌិត្យ និង បង្រៀន​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ, ខែមករា ​១៩៤៧ ជាស​មា​ជិ​ក្រុម​ជំនុំ​ក្រុម​វប្បធម៌, ឆ្នាំ១៩៥០ ក្រសួងអប់រំជាតិ តែងតាំង ជា​សាស្ត្រាចារ្យ, ឆ្នាំ១៩៥៧​ ជា​សាស្ត្រាចារ្យ​ឧ​ត្ត​ម​កិត្តិយសនៃវិទ្យាស្ថាន​គរុកោសល្យ ក្នុងមហាវិទ្យាល័យ​អក្សរសាស្ត្រ និង មនុស្សសាស្ត្រ ព្រមទាំង​ពុទ្ធិកមហាវិទ្យាល័យ, ឆ្នាំ១៩៥៦ ​ជា​ស្ថាបនិក​មួយរូប នៃសមាគម​អ្នកនិពន្ធ​ខ្មែរ (ឯកសារខ្លះថា នៅឆ្នាំ១៩៥៥)។

៥) ប្រវត្តិសង្ខេបលោកបណ្ឌិត កេង​ វ៉ាន់សាក់


កំណើត៖ លោកបណ្ឌិត កេង វ៉ាន់សាក់ បានកើតនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩២៥ និងស្លាប់នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០០៨ ​ដោយ​សារ​ជំងឺ​ទឹក​ចូល​សួត។ លោកបណ្ឌិត កើតនៅស្រុកកំពង់លែង​ ខេត្តកំពង់ឆ្នាំង ដែលមានឪពុកឈ្មោះ កេង ស៊ីផាន់ អ្នកខេត្តកំពង់ចាម មាន​វ័យ​ចម្រើន​ធំធាត់​នៅក្នុងភូមិកំពង់បឹង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងមា្តយឈ្មោះ ហម អ្នក ជាអ្នកខេត្តពោធិ៍សាត់ ជាប់​សែ​ស្រឡាយ​ជា​ញាតិ​វង្ស​ទៅ​នឹង​ម្ចាស់​ក្សត្រី​មល្លីកា ព្រះមហេសី​នៃ​ព្រះអង្គម្ចាស់ នរោត្ដម យុគន្ធរ។

ប្រវត្តិនយោបាយ៖ លោកបណ្ឌិត កេង វ៉ាន់សាក់ បានធ្វើសកម្មភាពផ្សេងៗក្នុងឆាកនយោបាយ និងអក្សរសាស្រ្ដបានបណ្ដាលទុក្ខកង្វល់​ដល់​ក្រុម​គ្រួសារ​ និង​ខ្លួន​លោក​ផ្ទាល់​ជាច្រើនលើក។ នៅពេលអាយុ ៣០ ឆ្នាំ លោកបណ្ឌិត កេង វ៉ាន់សាក់ បានត្រូវជាប់គុកជាច្រើនខែ ផ្ដើម​ឡើង​នៅ​ព្រលប់​មួយនៅខែកញ្ញា ឆ្នាំ១៩៥៥ គឺនៅថ្ងៃគណបក្សប្រជាធិបតេយ្យដែលមានលោកជាអគ្គលេខាធិការបានចាញ់ឆ្នោត​គណបក្ស​សង្គមរាស្រ្ដនិយមដឹកនាំដោយសម្ដេចព្រះឧបយុវរាជ នរោត្ដម សីហនុ ក្រោម​បទ​ចោទ​ប្រកាន់​ថា​បាន​ដាក់​ផែន​ការ​បាញ់សម្លាប់មេដឹកនាំ និងបេក្ខជនក្នុងគណបក្សសង្គមរាស្រ្ដនិយមតាមការឆ្លើយដាក់របស់បុគ្គលិក ក្នុង​ក្រសួង​ចារកម្ម​ម្នាក់ ឈ្មោះ ជ័យ សុផល។ នៅអាយុ ៣៧ ឆ្នាំ លោក កេង វ៉ាន់សាក់ បានត្រូវចាប់ដាក់គុកជាថ្មីម្ដងទៀតនារដូវភ្ជុំបិណ្ឌនៃឆ្នាំ ១៩៦៨ ក្នុង​បទ​សង្ស័យ​ថា​បាន​ធ្វើ​ឲ្យ​មានការរំជើបរំជួលច្របូកច្របល់ក្នុង ការចាត់ចែងអក្សរសាស្រ្ដជាតិ ពេល​លោក​ធ្វើ​ជា​សាស្រ្ដា​ចារ្យ​អក្សរ​សាស្រ្ដ​ខ្មែរនៅពុទ្ធិកៈមហា​វិទ្យាល័យ​ព្រះសីហនុរាជ។ លោកសាស្រ្ដាចារ្យ កេង វ៉ាន់សាក់ ដែលបើតាមប្រវត្តិនៃមន្រ្តីបុគ្គលិកសិក្សាប្រទេសកម្ពុជា គឺជា បុគ្គលិក​សិក្សា​លេខ​រៀង​ទី ១​ ផងនោះ ជាបញ្ញាជនដែលស្គាល់ខ្លួនលោកថាពុំមានយោបល់ស្របជាមួយបញ្ញាជនឬ អ្នកដឹកនាំដទៃទៀតឡើយ។ លោក​មើលឃើញថា អ្នកដឹកនាំទាំងនោះពុំមានឆន្ទៈពិតនឹងដឹកនាំប្រទេសខ្មែរឲ្យរួច ចាក​ផុត​ពី​ការ​ត្របាក់​យក​នៃពួកបរទេសឡើយ។ ទោះ​បី​យ៉ាង​ណាក្ដីក្នុងប្រវត្តិជីវិតលោកបណ្ឌិត កេង វ៉ាន់សាក់ តែង​បាន​ចូល​ប្រឡូក​នឹង​ការ​ប្រែ​ប្រួល​របស់​ប្រទេស​ជាតិ​សឹង​តែ​គ្រប់ចលនា ដោយរួមទាំងចលនានយោបាយក្នុងសម័យទាមទារឯករាជ្យ ចលនាអក្សរសាស្រ្ដខ្មែរ និង​ចលនា​នយោបាយ​ចម្រើន​ជឿនលឿននិយមដោយក្រោយមកបានក្លាយជាវាលពិឃាត សម្លាប់​មនុស្ស​រាប់​លាន​នាក់​នា​របប​កម្ពុជា​ប្រជាធិបតេយ្យ​ផង។ ក្នុងពេលមានជីវិតនៅឡើយ លោកបណ្ឌិត កេង វ៉ាន់សាក់ ធ្លាប់ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរីជាច្រើនរយម៉ោងអំពី រឿងរ៉ាវផ្សេងៗទាក់ទងនឹងជនជាតិខ្មែរ ដោយរួមទាំងរឿងអាថ៌កំបាំងក្នុងបញ្ហាជាតិនិងនយោបាយខ្មែរព្រមទាំង ប្រវត្តិផ្ទាល់ខ្លួនរបស់លោកផង។ វិទ្យុអាស៊ីសេរីនឹងនាំមកជូនស្ដាប់នូវវគ្គសម្ភាសន៍សំខាន់ៗខ្លះ ទាក់ទងនឹងរឿងរ៉ាវខាងលើទៅតាមពេលវេលាសមរម្យ និងភាពដែលអាចធ្វើទៅបានតាមការគួរ។ ទោះបីយ៉ាងណាក្ដីក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីមុន ការចាប់ខ្លួនរបស់តុលាការខ្មែរក្រហម អតីត​ប្រធាន​រដ្ឋសភា​នៃរបបកម្ពុជាប្រជាធិបតេយ្យ នួន ជា បានបដិសេធថា លោក កេង វ៉ាន់សាក់ ពុំមែនជាមេខ្មែរក្រហមឡើយ។

៦) ប្រវត្តិសង្ខេបលោក ព្រាប សុវត្ថិ


កំណើត៖ លោក ព្រាប សុវត្ថិ កើតនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ១៩៧៥ ទីកន្លែងដែលលោកកើតនៅស្រុកសង្កែ ខេត្តបាត់ដំបង លោកមានឈ្មោះហៅក្រៅថា “ស្នាយ” ដោយសារលោកបានកើតនៅក្រោមដើមស្នាយ ហើយស្រុកកំណើតម្តាយរបស់លោកនៅស្រុកកោះធំ​ ខេត្តកណ្តាល។ ក្នុងរបបប៉ុលពតឪពុករបស់លោក ត្រូវបានប៉ុល ពត សម្លាប់ ក្នុងឆ្នាំ១៩៧៧ ហើយម្តាយរបស់លោកធ្វើស្រែ និងរែកដីនៅព្រុំប្រទល់វៀតណាម រីឯរូបលោកបានរស់មណ្ឌលក្មេងៗ។

ប្រវត្តិការសិក្សា៖ លោកព្រាប សុវត្តិ បានប្រលងជាប់បាក់ឌុបឆ្នាំ១៩៩១ បន្ទាប់មក ប្រលងជាប់ចូលរៀននៅសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ផ្នែកសេដ្ឋកិច្ច។

ប្រវត្តិខ្សែជីវិត និងសិល្បះ៖ លោកព្រាប សុវត្តិ កាលនៅឆ្នាំ ១៩៧៧-១៩៧៩ ម្តាយរបស់លោករស់នៅទីនោះដោយរែកដី និងធ្វើស្រែឆ្ងាយៗពីផ្ទះ ខណៈរូបលោករស់នៅក្នុងមណ្ឌលកុមារ។ ឆ្នាំ១៩៨២ ម្តាយ និងរូបលោកសម្រេចចិត្តមករស់នៅភ្នំពេញ ដោយសុំទូកអ្នកផ្សេងជិះ ពេលមកដល់ភ្នំពេញទាំងពីរនាក់ម្តាយ ដើរតាមចិញ្ចើមថ្នល់ យប់ត្រង់ណា គេងត្រង់នឹង គេងតាមសំយ៉ាបផ្ទះគេ និងធ្វើជាអ្នកសុំទានគេ។ ឆ្នាំ១៩៨២ មុខរបរដំបូងម្តាយរបស់លោកបានចូលធ្វើទាហាននៅអគ្គស្នងការនយោបាយ ហើយបានរៀនផ្នែកបរិក្ខាហិរញ្ញវត្ថុ ហើយមកដល់សព្វថ្ងៃធ្វើការជាហិរញ្ញិក។ ឆ្នាំ១៩៩២ លោកបានចូលធ្វើទាហាន នៅអគ្គស្នងការនយោបាយ​។ ឆ្នាំ១៩៩០ លោកចាប់ផ្តើមច្រៀងដំបូងបង្អស់ ប្រហែល ១០​ បទ និងជាមួយកញ្ញា ទូច ស្រីនិច ប្រហែល១-២​ បទ។ ឆ្នាំ១៩៩២ មុនចូលធ្វើទាហានលោកបានច្រៀងក្នុងកម្មវិធីជប់​លៀង មួយ ពេលនោះភ្ញៀវពេញចិត្តសំឡេងលោកក៏អញ្ជើញលោកច្រៀងតាមភោជនីដ្ឋានពេលយប់ និងធ្វើការពេលថ្ងៃ។ ឆ្នាំ១៩៩៤ លោកចូលច្រៀង ដោយបទដំបូងដែលលោកបានច្រៀងគឺ​ បទ ខ្សែជីវិត និង បទ ហែកបេះដូង ហើយនៅឆ្នាំ១៩៩៧ លោកបានចូលច្រៀងក្នុងផលិតកម្មហង្សមាស រហូតមកដល់សព្វថ្ងៃនេះ៕

No comments:

Post a Comment