Monday, March 20, 2017

ពាក្យ ៦ ឃ្លាដែលយើងមិនគួរនិយាយនៅកន្លែងការងារ

មនុស្សម្នាក់ៗតែងតែធ្វើគ្រប់សព្វបែបយ៉ាងដើម្បីឲ្យជីវិតពួកគេឆ្ពោះទៅកាន់ភាពជោគជ័យ។ ទោះជាយ៉ាងណាក៏ដោយ ភាពជោគជ័យមិនមែនងាយស្រួលបង្កើតនោះទេ។


ដើម្បីទទួលបានវា បុគ្គលម្នាក់ៗត្រូវមានទាំងអាកប្បកិរិយា និងការខិតខំប្រឹងប្រែង។
ក្នុងចំណោមនោះ ការប្រាស្រ័យទាក់ទងរវាងគ្នានឹងគ្នាក៏បានដើរតួយ៉ាងសំខាន់ក្នុងការធ្វើឲ្យបុគ្គលម្នាក់រីកចម្រើន។ ខាងក្រោមនេះជាពាក្យទាំង ៦ ដែលអ្នកមិនគួរនិយាយនៅកន្លែងការងារ៖


១.នេះមិនមែនជាការងារខ្ញុំនោះទេ!!
នៅពេលដែលមិត្តរួមការងារត្រូវការជំនួយពីអ្នក អ្នកមិនគួរប្រើឃ្លានេះដើម្បីតបទៅកាន់គេនោះទេ។ ការនិយាយបែបនេះធ្វើឲ្យអ្នកដទៃវាយតម្លៃ និងគិតថាអ្នកជាមនុស្សដែលគិតតែពីប្រយោជន៍របស់ខ្លួន និងគ្មានការប្ដេជ្ញាក្នុងការងារជាក្រុម។ ផ្ទុយទៅវិញ អ្នកអាចណែនាំគេឲ្យទៅពឹងមនុស្សផ្សេងទៀតដែលអាចជួួយគេបានល្អជាងអ្នក។
២.ខ្ញុំធ្វើបានតែប៉ុណ្ណឹងទេ!!
វាមិនមែនជារឿងចម្លែកទេដែលមនុស្សម្នាក់ៗតែងតែមានចំណុចខ្សោយរបស់ខ្លួន។ មនុស្សម្នាក់ៗតែងតែជួបប្រទះនូវឧបសគ្គផ្សេងៗនៅពេលដែលគែបំពេញការងារអ្វីមួយ។ ប៉ុន្តែនៅពេលដែលអ្នកបានជួបនូវឧបសគ្គទាំងនោះ អ្នកមិនគួរនិយាយថា «ខ្ញុំធ្វើបានតែប៉ុណ្ណឹងទេ» នោះទេ។ អ្វីដែលអ្នកគួរតែនិយាយគឺ «ការងារនេះដូចជាពិបាកបន្តិច តែខ្ញុំនឹងប្រឹងប្រែងធ្វើឲ្យប្រសើរជាងនេះ» ឬ «ខ្ញុំកំពុងមានបញ្ហាជាមួយការងារនេះ តើអ្នកអាចជួយរកដំណោះស្រាយជាមួយខ្ញុំបន្តិចបានទេ?»។
៣.អ្នកធ្វើអ៊‌ីចឹងខុសហើយ!!
ការរិះគន់អ្នកដទៃ ដោយការនិយាយឃ្លានេះអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ពួកគេ ជាពិសេសប្រសិនបើពួកគេខំប្រឹងអស់ពីសមត្ថភាពដើម្បីធ្វើការងារនោះហើយ។ ប្រសិនបើអ្នកមិនពេញចិត្តនឹងចង់ជួយធ្វើការងារនោះឲ្យកាន់តែប្រសើរ អ្នកគួរនិយាយថា «ខ្ញុំគិតថាការងារនេះនៅមានចន្លោះខ្វះខាតមួយចំនួន ហើយបើតាមគំនិតខ្ញុំដំណោះស្រាយមានដូចជា..........»។


៤.ខ្ញុំធ្វើមិនទាន់​ / ខ្ញុំអត់មានពេលធ្វើទេ!!
មិនគួរនិយាយថាអ្នកគ្មានពេលនឹងធ្វើការងារដទៃទៀតនោះទេ។ អ្វីដែលអ្នកគួរនិយាយគឺ «ខ្ញុំមានការងារអាទិភាពមួយចំនួនត្រូវបំពេញ តែខ្ញុំអាចបញ្ចប់ការងារអ្នកដែលអ្នកឲ្យធ្វើនៅថ្ងៃ....»។
៥.គំនិតរបស់ខ្ញុំប្រហែលជាខុស ប៉ុន្តែ...
នៅពេលដែលអ្នកចង់បញ្ចេញមតិផ្ទាល់ខ្លួន តែអ្នកបារម្ភថាអ្នកដទៃទៀតអាចនឹងជំទាស់គំនិតដែលអ្នកលើកឡើង អ្នកមិនគួរនិយាយឃ្លានេះទេ។ ការនិយាយបែបនេះអាចធ្វើឲ្យអ្នកដទៃគិតថាអ្នកជាមនុស្សដែលគ្មានទំនុកចិត្ត។ អ្វីដែលអ្នកគួរនិយាយគឺ «ខ្ញុំមានគំនិតមួយ.....»។
៦.ប៉ុន្តែយើងធ្វើតែអ៊ីចឹងកន្លងមក....
មនុស្សម្នាក់ៗតែងតែគិតថាការធ្វើអ្វីម្យ៉ាងតាមវិធីដែលពួកគេតែងតែធ្វើជាជម្រើសល្អបំផុត ដោយសារតែពួកគេបារម្ភថាប្រសិនបើពួកគេជ្រើសរើសវិធីផ្សេង បញ្ហានឹងអាចកើតឡើង។ ប៉ុន្តែគំនិតបែបនេះមិនល្អនោះទេ ដោយសារវាអាចធ្វើឲ្យមនុស្សចាប់ផ្ដើមខ្ចិល និងមិនបង្កើតអ្វីដែលថ្មី។ ប្រសិនជាអ្នកខ្លាចមានបញ្ហា អ្នកអាចសួរថា «តើអ្នកអាចពន្យល់បានទេ ថាហេតុអ្វីបានជាអ្នកជ្រើសរើសយកវិធីនេះ»៕
====================
ដោយ៖ វត្តី
ប្រភព៖ Brightside

No comments:

Post a Comment